សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បាន ជំរុញឲ្យតំបន់អាស៊ានត្រូវបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ច និងប្រែក្លាយ តំបន់អាស៊ានឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយភាពទាក់ទាញ ជាពិសេសតាមរយៈការដោះស្រាយបញ្ហារបាំងពន្ធ និងមិនមែនពន្ធ និងការផ្ដល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមក ដើម្បីពន្លឿនការ អនុវត្ត និងទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីនានា ដើម្បីសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន។
ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន ដូចនេះបានធ្វើឡើងនៅក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។
ដើម្បីជាធាតុចូលបន្ថែម សម្រាប់កិច្ចពិភាក្សាក្នុងវេទិកា សម្តេចតេជោ ហ៊ុន សែន បានចូលរួមផ្តល់យោបល់ដល់ អាស៊ាន ត្រូវយកចិត្តដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច សំដៅ បំពេញរាល់តម្រូវការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវផល ប្រយោជន៍ប្រកបដោយបរិយាបន្ន និងសមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ, ការពង្រឹង សហគ្រិនភាព និងផ្ដល់ការគាំទ្រដល់សហគ្រាសធុនមីក្រូ តូចនិងមធ្យម, ការពង្រឹងវិស័យអប់រំ, សុខាភិបាល និងកិច្ចគាំពារសង្គម, ការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ, ការបង្កើតការងារ និងកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការ ធានាសន្តិសុខស្បៀង ជាដើម។
គួរបញ្ជាក់ថា វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ដែលធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ ក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់អាស៊ាន» ដោយមានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំស្ថាប័នអ្នករៀបចំខាងលើ ស្ថាប័នធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងតំណាងអង្គទូតនានា។
វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា៕