ក្រុមហ៊ុនចិនដូចជា Tencent និង Alibaba ជាដើម គឺជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ពិភពលោក និងធ្លាប់បានទាក់ទាញវិនិយោគិនអន្តរជាតិកំពូលជាច្រើនមកបណ្ដាក់ទុនរាប់ឆ្នាំផងដែរ។
យ៉ាងណា ថ្មីៗនេះដោយសារតែពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចផង ក្រុមវិនិយោគិនដែលធ្លាប់រកស៊ីជាមួយក្រុមហ៊ុនលំដាប់កំពូលៗនៅចិន ចាប់ផ្ដើមប្រកាសលក់ភាគហ៊ុនរបស់ពួកគេបណ្ដើរៗ ក្រោមហេតុផលត្រៀមទប់ទល់បញ្ហានៅក្រុមហ៊ុនផ្ទាល់ខ្លួន។ នេះបើតាមការចុះផ្សាយពី Forbes។
តួយ៉ាង ក្រុមហ៊ុន Naspers ដែលមានមូលដ្ឋាននៅអាហ្វ្រិកខាងត្បូង គឺជាវិនិយោគិនតំបូងដែលបានបណ្ដាក់ទុនជាមួយ Tencent កាលពីជាង ២០ ឆ្នាំមុន ប៉ុន្តែកាលពីសប្ដាហ៍មុនពួកគេបានលក់ភាគហ៊ុននៅក្រុមហ៊ុនចិនប្រមាណ ១,១ លានហ៊ុន។
ក្រៅពី Naspers ក៏នៅមានក្រុមហ៊ុនខ្នាតយក្សផ្សេងៗដូចជា SoftBank បានកាត់បន្ថយចំណែកភាគហ៊ុនរបស់ខ្លួនជាមួយក្រុមហ៊ុន Alibaba ស្របពេល Berkshire Hathaway បានកាត់បន្ថយហ៊ុនរបស់ពួកគេនៅក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD៕