តើបណ្ឌិត អ៉ិន ចាន់នី ពង្រីកអេស៊ីលីដាទៅឡាវ ប្រើដើមទុនប៉ុន្មាន? នរណាចូលហ៊ុនខ្លះ?

អាជីវកម្ម

អាចនិយាយបានថា ធនាគារ​អេស៊ីលីដា ជាធនាគារក្នុងស្រុកខ្មែរដំបូងគេបង្អស់ ដែលពង្រីកវិសាលភាពរបស់ខ្លួនទៅក្រៅប្រទេស ដោយសហការជាមួយភាគទុនិកពីបណ្តាប្រទេសនានា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីចុងខែធ្នូ ឆ្នាំ២០១៧ ធនាគារ​ អេស៊ីលីដា ទទួល​បានអាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​​ឡាវ ដើម្បី​បង្កើត​សាខា​បុត្រសម្ព័ន្ធ​ធនាគារ​ពាណិជ្ជ​នៅ​ក្ក្នុងទីក្រុងវៀងច័ន្ទ។ នេះ​ជា​លើក​ទី១ហើយ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ក្រុមហ៊ុន​​កម្ពុជា បាន​ធ្វើ​ការវិនិយោគ​ជា​ផ្លូវ​ការ​ទៅ​ក្រៅ​ប្រទេសផ្នែកធនាគារ និងហិរញ្ញវត្ថុ ។

ធនាគារបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ បណ្ឌិត អ៉ិន ចាន់នី នៅក្រៅប្រទេសមូយនេះ មាន​ឈ្មោះ​ថា ធនាគារ អេស៊ីលីដា ឡាវ ACLEDA Bank Lao Ltd. (ABL) ចាប់​ផ្តើម​បើក​ទ្វារ​ដំណើរការ​នៅ​ទីក្រុង​វៀង​ច័ន្ទ នា​ពាក់​កណ្តាល​ឆ្នាំ​២០០៨កន្លងទៅ។ ធនាគារ​នេះបង្កើត​ឡើង​ក្នុង​ទម្រង់​ជា​ក្រុមហ៊ុន​សាជីវកម្ម​ដាច់​ដោយ​ឡែក​មួយ ដែល​បាន​បង្កើត​និង​ចុះបញ្ជី​តាម​ច្បាប់​របស់​​ឡាវ ដោយ​មាន​ភាគហ៊ុនិក​សំខាន់ៗ​ចូល​រួម​ ដូច​ជា ធនាគារ​អេស៊ីលីដា ភីអិលស៊ី កាន់​កាប់​ភាគហ៊ុន​ចំនួន ៤៧,៥% និង​ភាគហ៊ុន​ដែល​នៅ​សល់​កាន់​កាប់​ដោយ​ស្ថាប័ន​ធំៗ​៣​ របស់​ប្រទេស​ហូល្លង់​គឺ ធនាគារ​អភិវឌ្ឍន៍​ហូល្លង់ (FMO) មាន​ភាគហ៊ុន​ចំនួន ៣០% និង​ភាគហ៊ុន​ចំនួន ២២,៥% ដែល​នៅ​សល់ កាន់​កាប់​តាម​ចំណែក​ភាគហ៊ុន​ស្មើៗ​គ្នា​ដោយ​ក្រុម​ធនាគារ​ឯកជន​ហូល្លង់ (Triodos Group) រួម​មាន Stichting Triodos Doen និង Triodos Fair Share Fund ។

ចំណែកដើមទុន​ដែល​បាន​ចុះ​បញ្ជី​មាន​ចំនួន ១០០​ពាន់​លាន​គីប (Kip) (ប្រហែល​១០,៥​លាន​ដុល្លារ​អាមេរិក) ដោយ​ធ្វើ​ការ​ទូទាត់​តាម​តម្លៃ ១០.០០០គីប (Kip) ក្នុង​មួយ​ភាគហ៊ុន សមាមាត្រ​ទៅ​នឹង​ភាគហ៊ុន​របស់​ភាគហ៊ុនិក​នីមួយៗ។

ជាមួយនឹងការបើកដំណើរការសាខាបុត្រសម្ព័ន្ធនៅប្រទេសឡាវ នាគ្រានោះ លោក វ៉ាន់ សារឿន ត្រូវ​បាន​តែង​​តាំង​ជា​អគ្គនាយក ធនាគារ​អេស៊ីលីដាឡាវ ដែលមាន​បទពិសោធន៍១៥​ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា ត្រឹមឆ្នាំ២០២២នេះ ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេ មានអាយុ ៣០ឆ្នាំហើយដែលបាននិងកំពុងចាក់ឫសយ៉ាងជ្រៅ និងរឹងមាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

ធនាគារ អេស៊ីលីដា ក៏ជាធនាគារពាណិជ្ជខ្មែរដំបូងគេ ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងជាធនាគារខ្មែរទីមួយដែលបានវិនិយោគក្រុមហ៊ុនបុត្រសម្ព័ន្ធ ជាធនាគារ នៅប្រទេសឡាវ និងជាស្ថាប័នមីក្រូហិរញ្ញវត្ថុ នៅប្រទេសមីយ៉ាន់ម៉ា ផងដែរ៕