កាលពីពេលកន្លងទៅ ប្រទេសមីយ៉ាន់ម៉ាបានបង្ហើបថា ពួកគេនឹងធ្វើការនាំចូលប្រេងពីរុស្ស៊ីមកចែកចាយក្នុងប្រទេស ក្រោយពិភាក្សាប្រើពេលមិនយូរប៉ុន្មាន។
ទន្ទឹមនឹងនោះ ឥណ្ឌូណេស៊ីហាក់មានបំណងចង់ដើរតាមដានចាស់របស់មីយ៉ាន់ម៉ា ពោលនឹងនាំចូលប្រេងពីរុស្ស៊ី ដោយសារវាមានតម្លៃធូរថ្លៃ ដូច្នេះការនាំចូលប្រេងពីរុស្ស៊ីអាចសម្រួលដល់ការចំណាយនៃប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពី FT។
“ពួកយើងតែងតែពិនិត្យរាល់ជម្រើសដែលល្អបំផុត ហើយបើមានប្រទេសណាដែលអាចផ្ដល់តម្លៃល្អបំផុតដល់យើង នោះយើងនឹងជ្រើសយកពួកគេជាមិនខាន”។ នេះបើតាមសម្ដីរបស់ប្រធានាធិបតី Joko Widodo បានប្រាប់ទៅកាន់ Financial Times។
យ៉ាងណា ឥណ្ឌូណេស៊ីអាចនឹងប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក បើសិនជាពួកគេហ៊ានទិញប្រេងពីរុស្ស៊ី ក្នុងតម្លៃដែលបានកំណត់ដោយ G7៕