ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២នេះ ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៤០០រៀល និងម៉ាស៊ូតត្រូវលក់៥,២០០រៀល ក្នុង១លីត្រ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នឹងត្រូវលក់ ៤.៦៦៧រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៥.៤៦៧រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូតDO50ppm។
ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយៈពេលដូចគ្នាខាងលើ សម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ ៤.៤០០រៀលដដែល ក្នុង១លីត្រ និងប្រេងម៉ាស៊ូតថ្លៃឡើង ៥.២០០រៀល ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm។
គួរបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃខាងលើនេះ ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារដដែល នៅក្នុង១លីត្រផងដែរ៕ អត្ថបទ៖ រង្សី