វិបត្តិស្បៀងអាហារពិភពលោកអាចកើនឡើង ក្រោយឥណ្ឌាដាក់កំហិតក្នុងការនាំចេញអង្កររបស់ខ្លួន

អន្តរជាតិ

ប្រទេសឥណ្ឌា បានប្រកាសថានឹងផ្អាកការនាំចេញអង្ករបាក់ និងដាក់ពន្ធ ២០% បន្ថែមទៅលើការនាំចេញអង្ករប្រភេទផ្សេងៗទៀត នៅពេលដែលប្រទេសមួយនេះ កំពុងព្យាយាមបង្កើនការផ្គត់ផ្គង់ និងរក្សាតម្លៃអង្ករក្នុងស្រុកឱ្យនៅស្ថិតស្ថេរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឥណ្ឌា ដែលបាននាំចេញអង្កររបស់ខ្លួន ទៅកាន់ប្រទេសជាង ១៥០ នៅលើពិភពលោក ហើយការដាក់ចេញផែនការកាត់បន្ថយ នៃការនាំចេញរបស់ខ្លួន នៅក្នុងពេលថ្មីៗនេះ អាចនឹងកាន់តែបង្កើនសម្ពាធទៅលើតម្លៃស្បៀងអាហារ ដែលកំពុងតែកើនឡើងរួចស្រេចទៅហើយ ដោយសារតែគ្រោះរាំងស្ងួត រលកកំដៅ និងការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ។

ផែនការថ្មីនេះ ទំនងជាបង្អាក់ដល់អ្នកនាំចូលអង្ករពីប្រទេសឥណ្ឌា ហើយជំរុញឱ្យពួកគេ ងាកទៅរកដៃគូប្រជែង ដូចជាថៃ និងវៀតណាមវិញ ខណ:ប្រទេសនៅអាស៊ានទាំងពីរនេះ កំពុងព្យាយាមបង្កើនការនាំចេញ និងដំឡើងថ្លៃអង្កររបស់ពួកគេ ។

បន្ថែមពីនេះ លោក B.V Krishna Rao ដែលជាប្រធានសមាគមអ្នកនាំចេញអង្ករឥណ្ឌាទាំង អស់បានិយាយថា ការហាមឃាត់នេះ អាចនឹងធ្វើឱ្យប៉ះខ្លាំងដល់ប្រភេទអង្ករស និងសំរូប ដែលមានចំនួនជាង ៦០% នៃការនាំចេញសរុបរបស់ប្រទេសឥណ្ឌា ។

លើសពីនេះ លោក Rao បាននិយាយទៀតថា ៖ “ជាមួយនឹងកាតព្វកិច្ចនេះ នឹងធ្វើឱ្យឥណ្ឌា លែងជាប្រទេសប្រកួតប្រជែង ក្នុងការនាំចេញអង្ករ នៅក្នុងទីផ្សារពិភពលោក។ ហើយពេលនោះអ្នកទិញនឹងផ្លាស់ប្តូរគោលដៅរបស់ពួកគេ ទៅរកប្រទេសថៃ និងវៀតណាម ជំនួសវិញ” ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាមានចំណែកច្រើនជាង ៤០% នៃការនាំចេញអង្ករនៅលើពិភពលោក ហើយពួកគេជាប្រទេស ដែលកំពុងប្រកួតប្រជែងជាមួយប្រទេសថៃ វៀតណាម ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា នៅក្នុងទីផ្សារពិភពលោក ៕