វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ត្រូវបានធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ គឺសហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន។
វេទិកានេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់អាស៊ាន» ដោយមានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំស្ថាប័នអ្នករៀបចំខាងលើ ស្ថាប័នធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងតំណាងអង្គទូតនានា។
ថ្លែងបើកក្នុងវេទិកានោះ សម្តេច ហ៊ុន សែន ពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតីនៅក្នុងពិធីបើកវេទិកានេះ ហើយសម្តេចក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ វិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ីប៉ាស៊ីហ្វិក (KSI), ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និង វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងសភាពាណិជ្ជកម្មកម្ពុជា សម្រាប់ការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង។
គួរបញ្ជាក់ដែរថា វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីជាធាតុចូលបន្ថែម សម្រាប់កិច្ច កិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងប្រែក្លាយ តំបន់អាស៊ានឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយ ភាពទាក់ទាញជាដើម៕ អត្ថបទ៖ រង្សី