សេដ្ឋីនីល្បីៗ កំពុងរកស៊ីក្នុងឧស្សាហកម្មផលិតចំណីអាហារ និងភេសជ្ជៈនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

វិស័យឧស្សាហកម្មផលិតចំណីអាហារ និងភេសជ្ជៈជាផ្នែកមួយដ៏សំខាន់សម្រាប់គាំទ្រដល់រៀងកាយ និងសុខភាព ហើយតម្រូវការកំពុងមានការកើនឡើងកាន់តែច្រើនថែមទៀត។ បច្ចុប្បន្នសម្រាប់កម្ពុជា ឧស្សាហកម្មផលិតចំណីអាហារ និងភេសជ្ជៈ កំពុងទទួលជោគជ័យនៅលើទីផ្សារ រហូតមានការនាំចេញទៅក្រៅប្រទេសទៀតផង ដែលជាការវិនិយោគពីក្រុមហ៊ុនខ្នាតយក្សធំៗនៅក្នុងស្រុក។ ជុំវិញនឹងការវិនិយោគលើវិស័យចំណីអាហារ និងភេសជ្ជៈនេះដែរ បើនិយាយនៅក្នុងន័យសេដ្ឋកិច្ច វាបានចូលរួមចំណែកច្រើនក្នុងការជួយផ្ដល់ការងារ និងបង់ពន្ធជាច្រើនចូលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មានឧកញ៉ាញូស៍ សូមបង្ហាញបញ្ជីឈ្មោះមហាសេដ្ឋី កំពុងក្តោបក្តាប់ជំនួញក្នុងវិស័យផលិតចំណីអាហារ និងភេសជ្ជៈល្បីៗនៅស្រុក ហើយសុទ្ធតែកាន់កាប់ភាគហ៊ុនដោយខ្មែរ ១០០% ផងដែរ។

១/ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប

លោកស្រីបានវិនិយោគលើរោងចក្រផលិតភេសជ្ជៈ និងស្រាបៀរ ដ៏ល្បីល្បាញប្រចាំប្រទេសជាង១០ឆ្នាំមកហើយ គឺ ក្រុមហ៊ុន​ផលិត​ស្រាបៀរ​កម្ពុជា Khmer Brewery ដែលគ្រប់គ្រងដោយវិនិយោគិនខ្មែរ 100% ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងផលិតភេសជ្ជៈ និងស្រាបៀរ កម្ពុជា, Barrley Black Extra Stout, ស្រាបៀរ Kudo, ភេសជ្ជៈប៉ូវកម្លាំង Wurkz, Ize Cola, Ize Lemon, Ize Fruit Punch និងទឹកបរិសុទ្ធកម្ពុជា។

២/ ឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លី លី

លោកស្រី ត្រួសត្រាយផ្លូវឱ្យក្រុមហ៊ុន លីលី ផលិតនំស្រួយ ឈានមុខគេផ្នែកគុណភាពនិងអនាម័យនៅក្នុងប្រទេសហើយក៏ជាក្រុមហ៊ុនផលិតនំស្រួយដំបូងគេរបស់ប្រទេសកម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជា៖ សហរដ្ឋអាមេរិក, មីយ៉ាន់ម៉ា, វៀតណាម, កូរ៉េខាងត្បូង, និងកាណាដា ។ ក្រុមហ៊ុននំស្រួយលីលី បង្កើតឡើងក្នុងឆ្នាំ ២០០២ ដែលមានឧកញ៉ា កែវ មុំ ជាស្ថាបនិក ហើយដើមទុនដើម្បីចាប់ផ្ដើមអាជីវកម្មនេះ គឺកើតចេញពីការលក់ផ្ទះរបស់លោកស្រីដោយសារតែសន្សំចិត្តជឿជាក់លើអាជីវកម្មមួយនេះថានឹងអាចទទួលបាននូវភាពជោគជ័យ។

៣/ អ្នកឧកញ៉ា ឈុន លាង អគ្គនាយិកាក្រុមហ៊ុន វឌ្ឍនៈ គ្រុប

កាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ លោកស្រីសម្រេចបោះទុនវិនិយោគប្រមាណ ១៤០លានដុល្លារអាមេរិកលើរោងចក្រផលិតស្រាបៀរដ៏ធំមួយ របស់ក្រុមហ៊ុន វឌ្ឍនៈ ដែល មានឈ្មោះថា រោងចក្រស្រាបៀរ Vattanac Brewery ស្ថិតសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រោងចក្រស្រាបៀរនេះ បានផលិតភេសជ្ជៈ ដូចជា ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុដ ជាដើម។

៤/ លោកស្រី ខៀវ សស៊ីលៀប អគ្គនាយិកាក្រុមហ៊ុនផលិតស្រាបៀរ ហនុមាន

លោកស្រី បានបង្កើតរោងចក្រស្រាបៀរ Hanuman Beverages កាលពីខែតុលា ឆ្នាំ២០២១ ដែលប្រើទុនវិនិយោគជាង ១៦០លានដុល្លារអាមេរិក ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ រោងក្រនេះ បានបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាង ១ពាន់៦រយកន្លែងផងដែរ៕