ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សំណូមពរពលរដ្ឋកុំចាក់ដីខ្ពស់ជាងផ្លូវ

សង្គម​ និង​សេដ្ឋកិច្ច

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានណែនាំឱ្យពលរដ្ឋក្រុងសៀមរាបចូលរួមថែរក្សាផ្លូវថ្នល់ និងកុំចាក់ដីខ្ពស់ជាងផ្លូវ ដែលអាចបង្កឱ្យមានការជន់លិច ហើយធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពេលចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូនៅក្នុងក្រុងសៀមរាប ខេត្ត សៀមរាប នារសៀលថ្ងៃទី១៣កញ្ញានេះ លោក ស៊ុន ចាន់ថុល បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវថ្នល់សម្អាតចិញ្ចើមផ្លូវមុខផ្ទះឱ្យបានស្អាត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពីព្រោះសំរាមជាប្រភពនាំមកនូវកកស្ទះដល់ប្រព័ន្ធលូ ជាពិសេសកុំចាក់ដីខ្ពស់ជាងផ្លូវ ដែលអាចបង្កឱ្យមានការជន់លិច ធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាល។

ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តី ក៏ស្នើឱ្យសូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍។

គួររំលឹកថា កាលពីដើមខែសីហា កន្លងទៅថ្មីៗ មានជំនន់ទឹកភ្លៀង បណ្តាឱ្យជន់លិចបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប បង្កការបាក់ច្រាំងដងស្ទឹងសៀមរាប និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ៕