ជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះយ៉ាងខ្លាំង ហើយបណ្ដាប្រទេសនៅអាស៊ីក៏ទទួលរងឥទ្ធិពលខ្លាំងក្លាពីវាផងដែរ។
តួយ៉ាង ប្រទេសសិង្ហបុរីផ្ទាល់គឺបានចាយលុយប្រមាណ ៧២,៣ ពាន់លានដុល្លារសាំងហ្គាពួរ ឬប្រមាណជិត ៥២ ពាន់លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឹមួយនេះ សម្រាប់រយៈកាល ២ ឆ្នាំចុងក្រោយ។ នេះបើតាមការចុះផ្សាយពី CNA។
ប្រភពដដែលបានបន្ថែមថា រដ្ឋាភិបាលបានចំណាយលុយប្រមាណ ១៣,៤ ពាន់លានដុល្លារសាំងហ្គាពួរសម្រាប់វិធានការសុខភាពសាធារណៈ ៥០,៦ ពាន់លានដុល្លារទៀតសម្រាប់ទ្រទ្រង់ដល់បុគ្គលិក និងអាជីវករផ្សេងៗ ខណៈ ៨,៣ ពាន់លានទៀត គឺជួយដល់ក្រុមគ្រួសារដែលបានជួបបញ្ហាហិរញ្ញវត្ថុ។
យ៉ាងណា បើយោងតាមការអះអាងពីរដ្ឋាភិបាលបានឲ្យដឹងថា ទំហំចំណាយ ២ ឆ្នាំមកនេះ គឺតិចជាងការគ្រោងទុក ដែលនឹងត្រូវចំណាយ ១០០ ពាន់លានដុល្លារ ដោយសាររដ្ឋាភិបាលចាត់វិធានការបានរហ័ស៕