IMF ត្រៀមពង្រីកលទ្ធភាពផ្តល់ជំនួយសង្គ្រោះបន្ទាន់ សម្រាប់ប្រទេសជួបវិបត្តិស្បៀងអាហារ

អន្តរជាតិ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថ្មីៗនេះ កំពុងស្វែងរកមធ្យោបាយ ដើម្បីផ្តល់មូលនិធិសង្គ្រោះបន្ទាន់ ដល់ប្រទេស ដែលកំពុងប្រឈមមុខជាមួយនឹងវិបត្តិស្បៀងអាហារ ដែលបង្កឡើងដោយបញ្ហាសង្គ្រាម ខណ:ការពិភាក្សាអំពីវិធានការនេះ នឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិមួយ នៅដើមសប្តាហ៍នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រភពដែលបានសុំមិនបញ្ចេញឈ្មោះ បាននិយាយថា វិធានការនេះ អាចនឹងអនុញ្ញាតឱ្យ IMF ជួយអ៊ុយក្រែន និងប្រទេសផ្សេងទៀត ដែលទទួលរងគ្រោះខ្លាំង ដោយសារតែបញ្ហាសង្គ្រាមបន្តអូសបន្លាយ រវាងរុស្ស៊ី និងអ៊ុយក្រែន ដោយមិនកំណត់លក្ខខណ្ឌតម្រូវការ ដូចទៅនឹងកម្មវិធីមូលនិធិធម្មតានោះឡើយ។ ប៉ុន្តែបើតាមប្រភព ដែលបានប្រាប់ទៅកាន់សារព័ត៌មាន Reuters បានបញ្ជាក់ថា វិធានការនេះ នៅតែស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយទំហំ និងវិសាលភាពនៃវិធានការ នៅមិនទាន់ដឹងច្បាស់នៅឡើយ ។

ប្រភពដដែលបានបង្ហាញទៀតថា នឹងមានការបោះឆ្នោតជាផ្លូវការ ដើម្បីគាំទ្រដល់វិធានការនេះ ហើយវាត្រូវបានគេរំពឹងទុកថា នឹងធ្វើឡើង នៅពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF មកដល់ នៅក្នុងខែតុលាខាងមុខ ។

ប្រសិនបើមានការយល់ព្រមលើវិធានការនេះ នោះវានឹងអាចបង្កើនដែនកំណត់នៃការចូលប្រើប្រាស់មូលនិធិដែលមានស្រាប់ជាបណ្តោះអាសន្ន ហើយនិងអាចអនុញ្ញាតឱ្យប្រទេសជាសមាជិកទាំងអស់ ខ្ចីប្រាក់បានរហូតដល់ ៥០% នៃកូតា IMF របស់ពួកគេ ដែលស្ថិតនៅក្រោមឧបករណ៍ហិរញ្ញវត្ថុរហ័សរបស់ IMF និងឧបករណ៍ឥណទានរហ័ស ដែលបម្រើដល់ប្រទេសមានប្រាក់ចំណូលទាប ។

បើតាមអង្គការ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានព្យាករក្នុងខែកក្កដាថា អតិផរណានឹងអាចឈានដល់ ៦,៦% នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននៅឆ្នាំនេះ និង ៩,៥% នៅក្នុងប្រទេសដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ ដែលនេះបានបង្ហាញពីហានិភ័យយ៉ាងច្បាស់លាស់ ចំពោះស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបច្ចុប្បន្ន និងពេលអនាគត។

គួរឱ្យដឹងថា ប្រទេសជាច្រើននៅទ្វីបអាហ្រ្វិក និងប្រទេសក្រីក្រផ្សេងទៀត ដែលទទួលរងការខ្វះខាតស្បៀងអាហារ និងការស្រេកឃ្លានយ៉ាងធ្ងន់ធ្ងរ បានទាមទារឱ្យមានការកើនឡើងនៃប្រាក់មូលនិធិបន្ថែម ប៉ុន្តែវាមិនច្បាស់ទេថា តើប្រទេសប៉ុន្មាន នឹងស្វែងរកជំនួយហិរញ្ញប្បទានបន្ថែមនោះ ៕