ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មថៃ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីស្នើសុំឱ្យគណ:រដ្ឋមន្ត្រី អុម័តទឹកប្រាក់ចំនួន ១១,៤ ពាន់លានបាត ឬប្រហែល ៣១៤ លានដុល្លារ ដើម្បីជួយដល់កសិករដាំដូងប្រេង និងដំឡូងមី ក្រោមគម្រោងធានាតម្លៃ ក្នុងរដូវកាលប្រមូលផលឆ្នាំ ២០២២/២៣ នេះ ។
ដោយថ្លែងបន្ទាប់ពីកិច្ចប្រជុំដាច់ដោយឡែកមួយ នៃអនុគណ:កម្មាធិការស្តីពីការគ្រប់គ្រង និងទីផ្សារដូងប្រេង និងការគ្រប់គ្រងដំឡូងមី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Jurin Laksanawisit បាននិយាយថា ទឹកប្រាក់ប្រហែល ៦,៤៤ ពាន់លានបាត នៃកញ្ចប់ថវិកាសរុប នឹងត្រូវបែងចែកសម្រាប់ការគាំទ្រដល់កសិករ ដែលដាំដូងប្រេង ។
ទន្ទឹមនឹងនេះ ទឹកប្រាក់ចំនួន ៥,០៣ ពាន់លានបាតផ្សេងទៀត ដែលនៅសេសសល់ នឹងត្រូវធ្វើការបែងចែក សម្រាប់គម្រោងធានាតម្លៃដំឡូងមី ។
គួរឱ្យដឹងថា នៅក្រោមគម្រោងធានាតម្លៃ ដែលរំពឹងថានឹងអាចដំណើរការសម្រាប់ឆ្នាំទី ៤ ជាប់ៗគ្នានេះ គឺត្រូវបានរៀបចំឡើង ដើម្បីធានាប្រាក់ចំណូលរបស់ប្រជាកសិករ និងរក្សាស្ថិរភាពនៃតម្លៃដូងប្រេងក្នុងស្រុក ដែលនឹងត្រូវកំណត់ឱ្យនៅតម្លៃត្រឹម ៤ បាតក្នុងមួយគីឡូក្រាម ជាមួយដីចំការត្រូវកំណត់ ២៥ រ៉ៃ ក្នុងមួយគ្រួសារ ។
បញ្ជាក់ទៀតផងដែរថា គម្រោងនេះ រំពឹងថានឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ ដល់ខែសីហា ឆ្នាំ ២០២៣ ហើយវានឹងអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករចំនួន ៣៨០ ០០០ គ្រួសារ នៅទូទាំងប្រទេស៕