កាលពីថ្ងៃអង្គារកន្លងទៅ គេហទំព័រ Bloomberg បានទម្លាយទិន្នន័យពីការខាតបង់ដ៏អាក្រក់បំផុតរបស់ក្រុមមហាសេដ្ឋីអាមេរិក ពោលក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ទ្រព្យសម្បត្តិសរុបរបស់ពួកគេបានរបូតអស់ជាង ៩៣ ពាន់លានដុល្លារ។
ការខាតបង់ដ៏សំបើមនេះ គឺកើតចេញពីក្រុមវិនិយោគិនសម្រុកលក់ភាគហ៊ុនរបស់ពួកគេ ក្រោយយល់ឃើញថា សន្ទស្សន៍តម្លៃទំនិញមានការកើនឡើងលើសការរំពឹងទុក ដែលនឹងធ្វើឲ្យទុនបម្រុងសហព័ន្ធអាចតម្លើងការប្រាក់រឹតតែខ្ពស់។
ក្នុងចំណោមអ្នកខាតបង់ទាំងអស់ ស្ថាបនិក Amazon លោក Jeff Bezos របូតលុយច្រើនជាងគេជិត ១០ ពាន់លានដុល្លារ ស្របពេល Elon Musk ខាតជាង ៨ ពាន់លានដុល្លារ ខណៈMark Zuckerberg, Larry Page, Sergey Brin និង Steve Ballmer សុទ្ធតែរបូតលុយច្រើនជាង ៤ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយ Bloomberg Billionaires Index។
សូមជម្រាបដែរថា តាំងពីបើកទំព័រឆ្នាំ ២០២២ មក ស្ថាបនិកក្រុមហ៊ុន Meta Platforms ហាក់ដូចជាមិនសូវកាក់កបសោះ ពោលទ្រព្យសម្បត្តិរបស់ Zuckerberg បន្តធ្លាក់ចុះរហូត ហើយបើគិតតាំងពីដើមឆ្នាំមកទល់ពេលនេះ គឺបានរបូតលុយអស់ជាង ៦៨ ពាន់លានដុល្លារហើយ៕