ថ្មីៗនេះ ប្រទេសស៊ែប៊ីបានងាកទៅរកមូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងអារ៉ាប់រួម ក្នុងការជួយដោះស្រាយបញ្ហាការកើនឡើងនៃបន្ទុកបំណុល បន្ទាប់ពីអត្រាការប្រាក់ និងការដាំក្បាលចុះនៃសេដ្ឋកិច្ចនៅលើទីផ្សារអឺរ៉ុប។
ទាក់ទងនឹងបញ្ហាមួយនេះ IMF បានបញ្ជាក់ទៅកាន់ Financial Times កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលស៊ែប៊ីពិតជាបានទាក់ទងមកពិតមែន ដោយបានជជែកសុំអន្តរាគមន៍ បើសិនជាពួកគេមិនអាចលក់មូលបត្របំណុលទៅកាន់វិនិយោគិនបាន។
សូមជម្រាបដែរថា ព័ត៌មានជុំវិញការសុំជំនួយពី IMF នេះ ផ្ទុះឡើងបន្ទាប់ពី Abu Dhabi ហ៊ានផ្ដល់ប្រាក់កម្ចីដល់ស៊ែប៊ី ១ ពាន់លានដុល្លារ ក្នុងអត្រាការប្រាក់ ៣% ខណៈអារ៉ាប់រួមគឺជាប្រទេសមួយដែលកំពុងមានសាងសង់គម្រោងយក្សតម្លៃជិត ៤ ពាន់លានដុល្លារនៅប្រទេសមួយនេះ។
គួររំលឹកដែរថា ដោយសារសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងសភាពមិនប្រក្រតី ដូច្នេះប្រទេសដែលកំពុងខ្ចីបំណុលពីសហភាពអឺរ៉ុប គឺកំពុងប្រឈមនឹងហានិភ័យខ្ពស់ ដ្បិតអត្រាការប្រាក់បានកើនឡើងដល់ទៅ ៣ ដង ពោលតាំងពី ២% រហូតដល់អាចច្រើនជាង ៦% ឯណោះ៕