ក្នុងជំនួបពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី០៧ ខែកញ្ញានេះ ទន្ទឹមគ្នានេះ តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ បានបង្ហាញក្តីបារម្ភមួយចំនួន មកលើទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ផងដែរ។
នាឧកាសនោះ តំណាងក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយលោក Alasdair Scott បានលើកឡើងពីភាពមិនប្រាកដប្រជា និងហានិភ័យកាន់តែខ្ពស់ នៃសេដ្ឋកិច្ចសកល និងបានបង្ហាញពីការព្រួយបារម្ភមួយចំនួន មកលើទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ដែលបណ្តាលមកពីបញ្ហាប្រឈម និងហានិភ័យចម្បងៗ រួមមាន៖ ការបន្តកើនឡើងនូវសម្ពាធអតិផរណា, ការរឹតបន្តឹងលឿនជាងការរំពឹងទុក នៃគោលនយោបាយរូបិយវត្ថុ, និងការថមថយសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាបច្ច័យអវិជ្ជមានលើសកម្មភាពសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជា។
ទាក់ទិននឹងការលើកឡើងនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា បេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីស្ថានភាពម៉ាក្រូ សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ខណៈដែលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ថវិកា សម្រាប់ឆ្នាំ២០២៣ និងក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាកាន់តែខ្លាំង នៃសេដ្ឋកិច្ចសកលលោក ដែលបង្កឡើងដោយភាពមិនអំណោយផល នៃកត្តាភូមិសាស្រ្តនយោបាយ និងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបាន និងកំពុងបង្កផលប៉ះពាល់ដោយផ្ទាល់ និងប្រយោល។
លោក ក៏បានអរគុណចំពោះ IMF សម្រាប់ការជួយពិនិត្យ និងផ្តល់យោបល់លើកិច្ចការកែសម្រួលគណនីជាតិថ្មី ការកសាងសមត្ថភាពមន្រ្តីក្នុងការវិភាគ និងព្យាករសេដ្ឋកិច្ចលើមូលដ្ឋានថ្មីសម្រាប់កម្ពុជាផងដែរ។
គួរបញ្ជាក់ដែរថា តាមរយៈកិច្ចពិភាក្សានេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានអរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានបន្តផ្តល់ជាជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលដល់ស្ថាប័ននានា ជាពិសេស មន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង ការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការផ្តល់អនុសាសន៍ល្អៗ សម្រាប់ការរៀបចំ គោលនយោបាយនានាកន្លងមកផងដែរ៕