កាលពីថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុនទ្រីភាពគ្រុប ដែលមានអ្នកឧកញ៉ា ទ្រី ភាព ជាអគ្គនាយក បានចុះអនុស្សារណៈយោគយល់គ្នាជាថ្មី (MOU) ជាមួយសាកលវិទ្យាល័យ RAJAMANGALA OF TECHNOLOGY ISAN (RMUTI) របស់ថៃ បន្តកិច្ចសហការគ្នារយៈពេល ៥ឆ្នាំទៀត ដើម្បីលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស បន្ទាប់ពីទទួលបានជោគជ័យខ្ពស់ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។
ពិធីអនុស្សារណៈយោគយល់គ្នានេះ ភាគីទាំងពីរ នឹងធ្វើការរួមគ្នាទៅលើការងារ សំខាន់ៗចំនួន៧រួមមាន៖ ការអភិវឌ្ឍន៍ធនធានមនុស្សលើវិជ្ជាជីវៈផ្សេងៗគ្នា, ផ្លាស់ប្តូរការសិក្សានៃនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ, ទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបុគ្គលិក, ផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ, ធ្វើកិច្ចសហប្រតិបត្តិការលើកម្មសិក្សានៅកម្ពុជា ក៏ដូចជាសហប្រតិបត្តិការអប់រំ, ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់និស្សិតកម្ពុជា ទៅសិក្សានៅ RMUTI និង កម្មវិធីសិក្សារយៈពេលខ្លីពិសេស ក៏ដូចជាសកម្មភាពផ្សព្វផ្សាយជាដើម។
អ្នកឧកញ៉ា ទ្រី ភាព បានបង្ហាញនូវការរីករាយយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដ៏ល្បីមួយរបស់ថៃ ព្រោះបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានចំណេះជំនាញមួយច្បាស់លាស់ ឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុន។ អ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ និស្សិតកម្ពុជា និងនិស្សិតពីក្រុមហ៊ុនរបស់អ្នកឧកញ៉ា នឹងទទួលបានឱកាសសិក្សានៅសាកលវិទ្យាល័យ RMUTI។
លោកសាស្ត្រាបណ្ឌិត Narong Polwong សាកលវិទ្យាធិការរងរបស់សាកលវិទ្យាល័យថៃ RMUTI បានបង្ហាញនូវមូលហេតុ ដែលនាំឱ្យសាកលវិទ្យាល័យចាប់ដៃសហការជាមួយក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព ដើម្បីលើកកម្ពស់ការអប់រំផងដែ គឺដោយសារតែ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព ជាក្រុមហ៊ុន អភិវឌ្ឍន៍អាជីវកម្មស្អាត និងបៃតង រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សាកលវិទ្យាល័យ RMUTI គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ដែលស្ថិតនៅក្រោមក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ ប្រទេសថៃ។ RMUTI ផ្តល់ជូនកម្មវិធីចំនួន ៤កម្រិត រួមមានសញ្ញាប័ត្រវិជ្ជាជីវៈ បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត។ RMUTI ផ្ដល់នូវមុខជំនាញសិក្សា៖ ព័ត៌មានវិទ្យា (IT), វិស្វកម្ម, កសិកម្ម, ការគ្រប់គ្រងពាណិជ្ជកម្ម, វិទ្យាសាស្រ្ត និង Liberal Arts វិទ្យាសាស្ត្រសង្គម និងផ្សេងៗទៀត។
ក្រុមហ៊ុន ទ្រីភាពគ្រុប របស់អ្នកឧកញ៉ា ទ្រី ភាព ជាក្រុមហ៊ុនឯកជន ដែលមានជំនួញជាច្រើននៅក្នុងដៃ មានដូចជា តំបន់សេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម (ចម្ការកៅស៊ូ) វិស្វកម្មសំណង់ស៊ីវិល និង ធនាគារ ប្រេងឥន្ធនៈ មជ្ឈមណ្ឌលភស្តុភាកម្ម និងផែស្ងួត កន្លែងលំហែកាយ ទេសចរណ៍ និងអចលនទ្រព្យជាដើម៕