ដូចប្រិយមិត្តធ្លាប់បានដឹងហើយថា បច្ចុប្បន្នវិស័យអចលនទ្រព្យនៅប្រទេសចិនកំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ ដោយសារការលក់ផ្ទះមិនចេញ ស្របពេលសេដ្ឋកិច្ចសកលកាន់តែយ៉ាប់យ៉ឺនថែមទៀត។
មូលហេតុចំបងមួយដែលធ្វើឲ្យក្រុមហ៊ុនអចលនទ្រព្យជាច្រើនក្ស័យធន គឺមិនអាចលក់ផ្ទះចេញ ឬមិនអាចបញ្ចប់គម្រោងតាមការគ្រោងទុក ដូច្នេះមានតែព្យាយាមធ្វើយ៉ាងណាលក់ផ្ទះឲ្យចេញក្នុងតម្លៃចំណេញតិចតួច ឬអាចខាតតិចតួច ដើម្បីមកទប់ទល់ការចំណាយក្រុមហ៊ុន។
យ៉ាងណា ដំណោះស្រាយមួយនេះមិនត្រូវបានអនុវត្តនៅទីក្រុងធំៗនៃប្រទេសចិនឡើយ ដ្បិតវានឹងធ្វើឲ្យតម្លៃអចលនទ្រព្យរបស់អ្នកមានៗនៅទីនោះ មានការធ្លាក់ចុះ ប៉ុន្តែទីក្រុងក្វាងចូវបានអនុញ្ញាតឲ្យក្រុមហ៊ុនទាំងឡាយ អាចធ្វើការបញ្ចុះតម្លៃអចលនទ្រព្យរបស់ពួកគេបាន។
យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា ក្វាងចូវគឺជាទីក្រុងធំបំផុតមួយនៅចិន បន្ទាប់ពីទីក្រុងប៉េកាំង សៀងហៃ និងស៊ិនជិន ដែលមានប្រជាជនជិត ១៩ លាននាក់រស់នៅ បានក្លាយជាទីក្រុងទីមួយអនុញ្ញាតឲ្យមានការបញ្ចុះតម្លៃអចលនទ្រព្យច្រើនបំផុតរហូតដល់ ២០%។
ក្នុងចំណោមទីក្រុងធំបំផុតទាំង ៤ នៅចិន តម្លៃអចលនទ្រព្យនៅក្វាងចូវគឺមានតម្លៃទាបជាងគេ គឺ ២៥ ០០០ យន់ ឬប្រមាណ ៣ ៥៨០ ដុល្លារ/ម៉ែត្រការ៉េ ខណៈនៅស៊ិនជិនមានតម្លៃថ្លៃជាងនេះទ្វេដង។ នេះបើតាមទិន្នន័យផ្ដល់ឲ្យដោយ China Index Academy។
សូមជម្រាបដែរថា ក្រុមហ៊ុនលក់អចលនទ្រព្យនៅក្វាងចូវអាចមានសិទ្ធផ្ដល់ការបញ្ចុះតម្លៃពី ៦% ដល់ ២០% ទៅកាន់អតិថិជនរបស់ពួកគេបាន៕