នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកវរសេនីយ៍ឯក នឹម ពិសី អត្តលេខ ៦៥២៥៧ ពីនាយនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅជា «ស្នងការរង» នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។
លោក នឹម ពិសី ត្រូវបានគេស្គាល់ថាជាកូនប្រុសរបស់លោកជំទាវ ហ៊ុន ស៊ីណាត និងត្រូវជាបងប្រុសរបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ ហើយក៏ត្រូវជាក្មួយប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកវរសេនីយ៍ឯក នឹម ពិសី បានបម្រើការងារនៅរាជធានីភ្នំពេញ អស់រយៈពេល ១១ឆ្នាំមកហើយ។ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២កន្លងទៅ លោកបានបង្ហោះសារដ៏មានអត្ថន័យមួយលើទំព័រហ្វេសប៊ុកថា៖ “១១ឆ្នាំ ខ្ញុំបានរស់នៅនិងធ្វើការនៅទីនេះក្នុងរាជធានី។ បើទោះជាខ្ញុំ អាចផ្លាស់ប្ដូរអង្គភាព ក្នុងការដកពិសោធន៍ ដល់ទីណា លើភ្នំ ក្រោមបឹង …បើទោះបីខ្ញុំទៅដល់ជញ្ជាំងណា ក៏ខ្ញុំនឹងការពារពលរដ្ឋកម្ពុជា ទូទាំងប្រទេសរបស់ខ្ញុំ។ គួរតែរីករាយ ខ្ញុំអាចទៅបំរើប្រជាជាតិខ្ញុំដល់មូលដ្ឋាន។ ទីណា ក៏ជាស្រុកខ្មែររបស់ខ្ញុំ និងពួកយើង”៕