លោក វង្សី វិស្សុត បានលើកឡើងថា កម្ពុជាបានធ្វើជាប្រធានប្តូរវេនរបស់អាស៊ាន ក្នុងឆ្នាំ២០២២នេះ គឺចំពេលដែលពិភពលោក និងតំបន់បាននិងកំពុងប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជាជាច្រើន ដូចជា ការអូសបន្លាយ នៃសង្គ្រាមអ៊ុយក្រែន, ការបន្តរីករាលដាលនៃជំងឺកូវីដបំប្លែងថ្មី និងបញ្ហាការកើនឡើងនៃអតិផរណា ព្រមទាំងភាពរអាក់រអួល នៃខ្សែចង្វាក់ផ្គត់ផ្គង់ និងផលិតជាដើម។ល។ ហានិភ័យ និងភាពមិនប្រាកដប្រជាទាំងនេះ បាននិង កំពុងបន្ថយល្បឿន នៃដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ របស់តំបន់។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីក្រុមប្រឹក្សា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន លើកទី៣៦ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្រ្តីក្រុមប្រឹក្សា អាហ្វតារបស់កម្ពុជា បានលើកឡើងថា ការអនុម័តប្រធានបទរបស់អាស៊ានឆ្នាំ២០២២ អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់ មានគោលបំណងលើកកម្ពស់កិច្ច ខិតខំប្រឹងប្រែងរួមគ្នា របស់អាស៊ាន ដើម្បីសម្រេចកិច្ចការសំខាន់ៗរបស់តំបន់ ជាពិសេសការស្តារកំណើន សេដ្ឋកិច្ចតំបន់ និងពន្លឿនដំណើរការកសាង នៃសហគមន៍អាស៊ាន ប្រកបដោយសមធម៌ ភាពខ្លាំង និងបរិយាប័ន្ន។
បើតាមលោក វង្សី វិស្សុត គិតចាប់តាំងពីការបង្កើតក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ានក្នុងឆ្នាំ១៩៩២ បណ្តា ប្រទេសជាសមាជិកសម្រេច បាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ទន្ទឹងនឹងនោះ ការធ្វើពាណិជ្ជកម្មអាស៊ាន ជាមួយបណ្តាប្រទេសនានា ក្នុងពិភពលោកប្រមាណ ៣.៣ ទ្រីលានដុល្លារ ក្នុងនោះពាណិជ្ជកម្មរវាងសមាជិកអាស៊ាន មានចំនួន៧១២ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១ ដែលបានរួមចំណែកក្នុងកំណើន សេដ្ឋកិច្ចអាស៊ានប្រមាណ ៣ភាគរយ ក្នុងឆ្នាំ២០២១។
យ៉ាងណា លោកគូសបញ្ជាក់បន្ថែមថា ដើម្បីសម្រេចបានចក្ខុវិស័យរួមរបស់អាស៊ាន ក្នុងការបង្កើតទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយ ការលើកកម្ពស់ភាពប្រកួតប្រជែងតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយសមធម៌ ព្រមទាំងការធ្វើសមាហរណកម្មពេញលេញ ទៅក្នុងពិភពលោក។ ជាក់ស្តែង អាស៊ានបានលុបបំបាតអាត្រាពន្ធគយប្រមាន៩០% នៃបន្ទាត់ពន្ធសរុប និងមានការលុបបំបាតរបាំងមិនមែនពន្ធផងដែរ ដោយអនុលោម តាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទំនិញអាស៊ាន (ATIGA) និងផែនការមេសហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥៕