នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយដល់កម្ពុជា ក្នុងការចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា។ ការដែលលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបពិភាក្សាការងារជាមួយលោក Daren Tang នាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ។
នៅក្នុងជំនួបនេះសម្តេចតេជោ បានកត់សម្គាល់ប្រាប់លោក Daren Tang ថា ពាណិជ្ជកម្មរវាងប្រទេសនៅក្នុងតំបន់ មានការកើនឡើងនៅក្នុងអំឡុងពេលមានកូវីដ19 នោះសបញ្ជាក់ឲ្យឃើញថា AFTA ចាប់ផ្ដើមដំណើរការសកម្មនៅពេលដែលមានជំងឺកូវីដ១៩។ ជាឧទាហរណ៍ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម, កម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានការកើនឡើងគួរឲ្យកត់សម្គាល់។
ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានសម្គាល់ផងដែរ ពីបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន គឺជារឿងមួយ ប៉ុន្តែការដាក់ទណ្ឌកម្មហួសហេតុពេក នាំទៅដល់វិបត្តិ ដែលមិនត្រឹមតែនៅអឺរ៉ុបទេ ប៉ុន្តែវិបត្តិជាពិសេស គឺវិបត្តិសេដ្ឋកិច្ច រីករាលដាលដល់ប្រទេសដទៃទៀត នៅក្រៅទ្វីបអឺរ៉ុប ក្នុងនោះ រួមមានទាំងកម្ពុជាផងដែរ។
លោក Daren Tang បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន ថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីដើមឡើយ គឺជាអង្គការបច្ចេកទេស ប៉ុន្តែនាពេលនេះ អង្គការនេះ កំពុងប្រែក្លាយខ្លួនទៅជាអង្គការអភិវឌ្ឍន៍ គាំទ្រគម្រោងការអភិវឌ្ឍរបស់ប្រទេសដែលកំពុងអភិវឌ្ឍន៍។
ជាមួយគ្នានេះ លោកគូសបញ្ជាក់ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា។ ហើយបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា នៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផង និងដើម្បីស្វែងយល់ និងស្វែងរក វិធីជួយគាំទ្រដល់កម្ពុជាផង៕