កាលពីពេលថ្មីៗនេះ កូនស្រីវ័យ១៦ឆ្នាំរបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) និងជាទីប្រឹក្សានៃក្រុមមេធាវី អេជ អេន អេស ឈ្មោះ អាមេនដា បានតែងឈុតអប្សរាយ៉ាងស្រស់ស្អាត ស័ក្តិសមជានារីខ្មែរ ធ្វើឱ្យផ្ទុះការសរសើរយ៉ាងច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក។
ក្រោយពីការបង្ហោះរូបភាពអាមេនដា គ្រងឈុតអប្សរា លើទំព័រហ្វេសប៊ុករបស់លោកជំទាវ នឹម វណ្ណៈ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ធ្វើឱ្យមានការចែករំលែកនិងបញ្ចេញមតិសរសើរជាច្រើន។ គណនីឈ្មោះ Sopheak Chhim បានសរសើរជាកំណាព្យថា “អប្សារាសែនស្រស់ អស់ស្រីទាំងពួង សម្រស់សមសួន ជួនចំល្អក្រៃ ជានារីខ្មែរ ថែប្រពៃណី ស្អាតលើសអ្វីៗ ឥតបីឥតទាស់”។ គណនីមួយទៀតឈ្មោះ Pal Sorphea បានលើកឡើងថា ពិតជាស្អាតបែបជារបស់ខ្មែរ មិនមានលំអរដោយម្សៅក្រែមក្រាស់ៗ មើលយូររឹតតែស្អាត ស្រទន់ ពេញភ្នែក ពេញបេះដូង។ ចំណែកឯអ្នកនាង ទ្រិញ ផល្លា ក៏បានសរសើរផងដែរថា “ស្អាតបរិសុទ្ធ”។
យ៉ាងណាមិញ ទំព័រអាចារ្យធំ នគររាជ ក៏បានសរសើរបែបជាកំណាព្យមួយផងដែរថា៖
មាតាគុណំ តាំងប្រទាន លេីកមកុដមាសឈាន ពានសិរសា នាថខ្មែរប្រែកាយ ក្លាយអប្សរា ១៦វស្សា អាមេនដាស្រស់។
ពូជពង្សវង្សផៅ ចៅឥន្ទ្រៈ រូបឆោមសមស័ក្ដិ អ្នកគ្មានទាស់ មាណវីអេីតអង្គ ផ្ចង់សម្ផស្ស ដូចផុសចុះប្រាណ ឋានលោកីយ៍។
អង្គរឈរទ្រឹង រឹងមហិ កម្ពុជាសន្តិ ភាពតេជដៃ តេជោតេជៈ រះរង្សី ចៅស្រីស្នងពណ៌ វប្បធម៌ជាតិ៕