លោក ទៀ សីហា អភិបាលខេត្តសៀមរាប ដែលជាកូនប្រុសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានទទួលការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ពីឧត្តមមន្ត្រី ថ្នាក់លេខ២ មកជាឧត្តមមន្ត្រី ថ្នាក់លេខ១ ដែលជាឋានន្តរស័ក្តិខ្ពស់ជាងគេបំផុត ក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។
លោក ទៀ សីហា បានបញ្ចប់បរិញ្ញាបត្រ ផ្នែកពាណិជ្ជកម្ម ពីមហាវិទ្យាល័យ Passy Saint-Honoré នាទីក្រុងប៉ារីស ប្រទេសបារាំង នៅឆ្នាំ ២០០១។ ក្នុងដំណាក់កាលនោះ លោកបានចូលសិក្សារយៈពេលពេញមួយឆ្នាំ នៅសាលាទាហាន ឈ្មោះ École Spéciale Militaire de Saint-Cyr ដែលជារាជបណ្ឌិត្យសភាយោធារបស់ប្រទេសបារាំង។
កូនប្រុសទី២ របស់សម្តេចពិជ័យសេនា ទៀ បាញ់ រូបនេះ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍(ផ្កាយ៤) និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិវិញ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ខណៈដែលពីមុន លោក ទៀ សីហា ជាអភិបាលរងខេត្តសៀមរាប និងជានាយទាហានជាន់ខ្ពស់នៅក្រសួងការពារជាតិ ដែលមានឋានន្តរសក្តិឧត្តមសេនីយ៍ទោ ផងដែរ៕