ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកមន្ត្រីថា ត្រូវចាំឱ្យច្បាស់ថាខ្លួនមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។ទន្ទឹមគ្នានេះ ប្រមុខរដ្ឋាភិបាល ក៏បានរំលឹកដល់មន្ត្រីទាំងអស់ថា «កុំធ្វើខ្លួនឱ្យក្លាយជាមន្ត្រីគ្រាប់ល្ពៅឲ្យសោះ»។
ការលើកឡើងនេះ របស់ប្រមុខរដ្ឋាភិបាលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ គ្រាដែលនឹងអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។
នាឪកាសនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មន្ត្រីមិនត្រូវដើរពើងទ្រូងនោះទេ ការពើងទ្រូងនឹងនាំដល់ក្តីវិនាស ហេតុនេះមន្ត្រីត្រូវចាំថា ប្រជាពលរដ្ឋជាគោលដៅត្រូវយកចិត្តទុកដាក់ មិនមែនជាគោលដៅត្រូវបំផ្លាញនោះទេ។
ជាមួយគ្នានោះ សម្តេចបានលើកយករឿង «មន្រ្តីគ្រាប់ល្ពៅ» ដើម្បីឲ្យសិស្ស និងសិក្ខាកាមទាំងអស់បានស្វែងយល់ ពីតួនាទីមន្រ្តី ដូច្នេះថា មានព្រះមាហាក្សត្រមួយអង្គ ដើម្បីចង់ដឹងពីមន្រ្តីណាស្មោះត្រង់ជាមួយព្រះអង្គ ឬអត់? ព្រះអង្គបានហៅមន្រ្តីឱ្យយកគ្រាប់ល្ពៅដែលបានស្ងោររួចយកទៅដាំ ដោយមិនបានឱ្យដឹងថា គ្រាប់ល្ពៅនេះស្ងោរនោះឡើយ»។ សម្តេចបន្តថា តាមរយៈការពិសោធន៍នេះ ទទួលបានមន្ត្រី ៤ប្រភេទ គឺរួមមាន៖
–មន្រ្តីប្រភេទទី១៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ ហើយបានដឹកមកថ្វាយព្រះមហាក្សត្រ តែត្រូវកងការពារព្រះរាជវាំងមិនឲ្យដឹកចូល។
-មន្រ្តីប្រភេទទី២៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ តែអត់បានដឹកមកនោះទេ។
-មន្រ្តីប្រភេទទី៣៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន ត្រូវកណ្តុរស៊ីអស់ អត់បានដាំនោះទេ។
-មន្រ្តីប្រភេទទី៤៖ បានទូលស្តេចដោយត្រង់ៗថា ល្ពៅ ដែលស្តេចប្រទាន គឺជាគ្រាប់ល្ពៅស្ងោរ តើដាំឲ្យដុះម្តេចទៅ?។
តាមរយៈរឿង មន្រ្តីគ្រាប់ល្ពៅនេះដែរ សម្តេច ហ៊ុន សែន បានអះអាងថា មន្រ្តីប្រភេទទី៤វិញ គឺជាមន្រ្តីដែលបង្ហាញការពេញចិត្តពេញថ្លើមបំផុត ហើយត្រូវប្រឹងប្រែងបណ្តុះបណ្តាល ហ្វឹកហាត់ និងដំឡើងស័ក្តិបន្ថែម ព្រោះហ៊ាននិយាយពិត និយាយត្រង់។
ដោយឡែក សម្រាប់ប្រភេទទី២ និងទី៣ មិនគ្រោះថ្នាក់នោះទេ។ ប៉ុន្តែ មន្រ្តីប្រភេទទី១ទៅវិញទេ គឺជាមន្រ្តីដ៏គ្រោះថ្នាក់បំផុត មិនអាចទុកប្រភេទមន្រ្តីនេះធ្វើការនោះទេ ព្រោះមិនត្រឹមតែមិនស្មោះត្រង់នោះទេ ថែមទាំងទម្លាក់កំហុសនាំគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀត។ នេះបើយោងតាម ការបញ្ជាក់បន្ថែម របស់សម្តេច ហ៊ុន សែន ៕ អត្ថបទ៖ សិរីកា