ក្រសួងសហការជាមួយអ្នកឧកញ៉ា គិត ម៉េង ដាក់ដំណើរការរថភ្លើងឥតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ដាក់ដំណើរការខ្សែរថភ្លើងដោយមិនបង់ប្រាក់ រយៈពេល៤ថ្ងៃ សម្រាប់ប្រជាពលរដ្ឋអាចជិះរថភ្លើងទៅកាន់ស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីជូនដំណឹងក្រសួងសាធារណការ កាលពីថ្ងៃទី១៦ កញ្ញាម្សិលមិញ បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការរថភ្លើងឥតគិតថ្លៃ រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ចំនួន២គោលដៅ ដែលគោលដៅទី១ពីភ្នំពេញ-កំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង។ ឯគោលដៅទី២ ភ្នំពេញ-តាកែវ-កំពត់-ព្រះសីហនុ។

សម្រាប់សំបុត្រកត់ការធ្វើដំណើរទាំង២ខ្សែនេះនឹងចែកជូននៅស្ថានីយ៍រថភ្លើងភ្នំពេញ និងស្ថានីយ៍នៅតាមបណ្តាខេត្តរយៈពេល ២ថ្ងៃមុនធ្វើដំណើរ។

សូមជម្រាបថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញក៏នឹងរៀបចំរថយន្តក្រុងចំនួន ១៧៥ គ្រឿង សម្រាប់​បម្រើ​សេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់។ ក្នុងនោះ សម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់​រថយន្ត ក្រុង ៥៥គ្រឿង និងសម្រាប់ប្រជាពលរដ្ឋដែលនឹង​ធ្វើ​​ដំណើរ​ទៅតាម​បណ្ដាខេត្ត និងត្រលប់​មករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន១២០គ្រឿង៕