ពូទីន បង្ហាញការគាំទ្រពេញទំហឹងលើរដ្ឋាភិបាលចិន ជុំវិញការចាត់វិធានការលើកោះតៃវ៉ាន់

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើការកោតសរសើរយ៉ាងខ្លាំង ចំពោះប្រធានាធិបតីលោក ស៊ី ជីនពីង បន្ទាប់ពីមេដឹកនាំចិនរូបនេះ បានបង្ហាញជំហរគាំទ្រលើការលុកលុយរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ទៅលើអ៊ុយក្រែន ខណ:លោក ពូ ទីន ក៏បានបង្ហាញការគាំទ្រត្រលប់ទៅប្រទេសចិនវិញផងដែរ ក្នុងការឆ្លើយតបទៅកាន់សហរដ្ឋអាមេរិក លើបញ្ហាកោះតៃវ៉ាន់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា លោក ស៊ី បានធ្វើទស្សនកិច្ចក្រៅប្រទេស ជាលើកដំបូង ចាប់តាំងពីមានជំងឺកូវីដ ១៩ មក ខណ:ពេលដែលលោកបានជួបជាមួយ លោក ពូទីន នៅក្នុងទីក្រុង Samarkand ប្រទេស Uzbekistan ដែលជាកន្លែងមេដឹកនាំប្រទេសទាំងពីរ បានចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ។

ដោយថ្លែងនៅក្នុងកិច្ចប្រជុំទល់មុខគ្នា ជាលើកដំបូង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនមក លោក ពូទីន បានសរសើរដល់លោក ស៊ី ដែលបានបង្ហាញជំហររបស់គាត់ ចំពោះសង្គ្រាមនៅអ៊ុយក្រែន ជាពិសេស នៅពេលដែល រដ្ឋាភិបាលទីក្រុងប៉េកាំង បានបដិសេធ​មិន​ថ្កោលទោស​ទៅលើរុស្ស៊ី និងបង្ហាញការយល់ស្រប​ ជាមួយ​វិមាន​ក្រឹមឡាំង ដែល​បាន​ចាត់​ទុក​ជម្លោះនេះថា​ជា “ប្រតិបត្តិការ​យោធា​ពិសេស” ប៉ុណ្ណោះ ។

លើសពីនេះ ក្នុងអំឡុងការជួបគ្នា លោក ពូទីន ក៏​បាន​គាំទ្រ​ចិន​យ៉ាង​ពេញទំហឹង​ ជុំវិញបញ្ហាកោះ​តៃវ៉ាន់ផងដែរ បន្ទាប់ពីប្រទេសចិនបានធ្វើសមយុទ្ធយោធា នៅជុំវិញកោះនោះ ក្រោយពីប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានទៅធ្វើទស្សនកិច្ចកាលពីខែមុន។

បន្ថែមពីនេះ លោកពូទីនបាននិយាយទៀតថា យើងមានបំណងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ “ចិនតែមួយ” ។ ហើយយើងថ្កោលទោសចំពោះការបង្កហេតុ ដោយសហរដ្ឋអាមេរិក ចំពោះការលូកដៃលើកិច្ចការផ្ទៃក្នុងរវាងចិន និងតៃវ៉ាន់ ៕