កាលពីពេលកន្លងទៅ មានចចាមអារ៉ាមថា រដ្ឋាភិបាលឥណ្ឌូណេស៊ីមានបំណងចង់ទិញប្រេងពីរុស្ស៊ី បើទោះជាត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចក៏ដោយ។
ទាក់ទងនឹងចចាមអារ៉ាមខាងលើ រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏មិនបានចេញមុខច្រានចោលព័ត៌មាននេះដែរ ហើយពួកគេថែមទាំងប្រកាសក្ដែងៗថា នឹងយល់ព្រមទិញប្រេងពីគ្រប់ប្រទេសឲ្យតែលក់ក្នុងតម្លៃធូរថ្លៃ ហើយរុស្ស៊ីក៏ជាជម្រើសល្អបំផុតរបស់ឥណ្ឌូណេស៊ីផងដែរ។
យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា ពួកគេនឹងទិញប្រេងពីរុស្ស៊ីក្នុងពេលឆាប់ៗ ដោយសារតម្រូវការក្នុងប្រទេសកំពុងចាំបាច់ខ្លាំង ហើយមូលហេតុដែលការបញ្ជាទិញមិនទាន់ចេញរូបរាង គឺព្រោះតែរុស្ស៊ីផលិតមិនទាន់ ដូច្នេះត្រូវរង់ចាំសិន។
សូមជម្រាបដែរថា កាលពីដើមខែនេះ ប្រធានាធិបតី Joko Widodo បានទម្លាយប្រាប់ Financial Times ថា លោកកំពុងពិចារណាក្នុងការចូលរួមជាមួយឥណ្ឌា និងចិនសម្រាប់ការទិញប្រេងពីរុស្ស៊ី បើទោះជាត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចក្ដី៕