នាយករដ្ឋមន្ត្រី ព្រមានដកតំណែងមន្រ្តី និងបិទគ្រប់អាជីវកម្មបង្កប់ល្បែងស៊ីសងខុសច្បាប់

សង្គម​ និង​សេដ្ឋកិច្ច

នាយករដ្ឋមន្រ្តីកម្ពុជា ព្រមានខ្លាំងៗ ក្នុងគោលដៅបិទគ្រប់អាជីវកម្ម ដែលបង្កប់ល្បែងស៊ីសងខុសច្បាប់ និងដកមន្រ្តី ដែលអសកម្មក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារជាសំឡេងនាព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា៖ «អ្នកបើកបនល្បែងទាំងឡាយ បើចង់បន្តអាជីវកម្ម និងកុំឲ្យបិទទ្វារអាជីវកម្មរបស់ខ្លួន ត្រូវដកចេញជាបន្ទាន់នូវល្បែងគ្រប់ប្រភេទដែលខុសច្បាប់ ព្រោះអ្នក នឹងខូចមុខរបររបស់អ្នក តាមរយៈនៃការដាក់កម្រិតដកអាជ្ញាបណ្ណមិនឲ្យបង្កមុខរបររកស៊ីតតទៅទៀត»។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោក៏ព្រមានទៅកាន់អាជ្ញាធរ យ៉ាងដូច្នេះថា៖ «ខ្ញុំ មិនញញើតដៃនឹងការដកចោលចេញពីមុខតំណែង ចំពោះអភិបាលខេត្ត អភិបាលរង អភិបាលស្រុក នាយទាហាន នគរបាល អាវុធហត្ថ ចាប់ពីស័ក្តិ៥ឡើងលើ ខ្ញុំ នឹងចេញអនុក្រឹត្យ ដើម្បីបញ្ចប់ភារកិច្ចតែម្តង»។

ជាមួយគ្នានេះ សម្តេចតេជោក៏ប្រាប់ទៅមន្រ្តីនិងកងកម្លាំងនៅតាមរាជធានី-ខេត្តថា ល្បែងស៊ីសងខុសច្បាប់ មិនស្ថិតនៅលើមេឃនោះទេ ដូច្នេះ ពួកគេ អាចមានលទ្ធភាពបង្ក្រាបបាន ដោយពុំបាច់រំខានដល់សម្តេច និងសម្តេច ស ខេង ដែលជាមេដឹកនាំថ្នាក់ជាតិឡើយ៕