ប្រធានធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រកន្លងទៅ លោកបាននិយាយជាមួយក្រុមហ៊ុន Nike Inc និងបានអរគុណដល់ក្រុមហ៊ុនផលិតសម្ភារ:កីឡាខ្នាតយក្សរបស់អាមេរិកមួយនេះ ដែលបានសម្រេចចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួនទាំងស្រុង នៅក្នុងប្រទេសរុស្ស៊ី ។
លោក Zelenzkyy បាននិយាយនៅក្នុងសុន្ទរកថាតាមរយ:វីដេអូមួយថា ៖ ” នេះជាឧទាហរណ៍ សម្រាប់ម្ចាស់អាជីវកម្មផ្សេងទៀត ដើម្បីអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារមនុស្សជាតិ និងសេរីភាព ។ ប្រសិនបើរដ្ឋមួយជ្រើសរើសដើរផ្លូវ បង្កឱ្យមានអំពើភេវកម្ម នោះវាជាកាតព្វកិច្ចរបស់ក្រុមហ៊ុនទាំងអស់ ដើម្បីចាកចេញពីរដ្ឋមួយនោះ ” ។
យ៉ាងណាក៏ដោយ មេដឹកនាំរបស់ប្រទេសអ៊ុយក្រែន មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមជុំវិញការពិភាក្សាជាមួយក្រុមហ៊ុន Nike នោះឡើយ ស្របពេលថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនអាមេរិកមួយនេះ ក៏មិនទាន់ចេញមុខឆ្លើយតបវិញដូចគ្នា ។
គួរឱ្យដឹងថា ក្រុមហ៊ុន Nike បានប្រាប់ទៅកាន់សារព័ត៌មាន Reuters នៅថ្ងៃទី ២៣ ខែមិថុនាថា ខ្លួនកំពុងធ្វើការដកខ្លួនចេញពីប្រទេសរុស្ស៊ីទាំងស្រុង ក្រោយពីបាននិយាយកាលពីខែមីនាថា ខ្លួននឹងផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន នៅគ្រប់ហាងទាំងអស់ ដែលគ្រប់គ្រង និងដំណើរការដោយក្រុមហ៊ុន Nike នៅក្នុងប្រទេសរុស្ស៊ី ដើម្បីជាការឆ្លើយតប ទៅនឹងសកម្មភាពឈ្លានពានរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ទៅលើអ៊ុយក្រែន។
ជាងនេះទៅទៀត ក្រុមហ៊ុន Nike បានចូលរួមជាមួយក្រុមហ៊ុនប្រ៊េនធំៗផ្សេងទៀត ក្នុងការបញ្ជាក់ពីការចាកចេញទាំងស្រុងរបស់ខ្លួនពីទីផ្សាររុស្ស៊ី ស្របពេលក្រុមហ៊ុន Samsung Electronics Co Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទឈានមុខគេ ទៅកាន់ប្រទេសរុស្ស៊ី គិតត្រឹមត្រីមាសទី ៤ ឆ្នាំ ២០២១ ក៏បានផ្អាកការនាំចេញរបស់ខ្លួន កាលពីដើមខែមីនាកន្លងទៅផងដែរ ៕