រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជាង ២៤០លានដុល្លារ សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានថ្មីចំនួន ៣ទីតាំង ដែលជាអាកាសយានដ្ឋានបម្រើការហោះហើរក្នុងស្រុក។ នេះបើតាមរបាយការណ៍របស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។
របាយការណ៍ បង្ហាញថា គម្រោងកសាងអាកាសយានដ្ឋានថ្មីចំនួន ៣ទីតាំងនេះ ស្ថិតក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ឆ្នាំ២០១៩-២០២៤។ ហើយរដ្ឋគ្រោងនឹងចំណាយថវិកាប៉ាន់ស្មាន ចំនួន ៨០លានដុល្លារ លើការសាងសង់អាកាសយានដ្ឋានកោះកុង (ថ្មី) និង ៦៥លានដុល្លារ សម្រាប់កសាងអាកាសយានដ្ឋានប៉ោយប៉ែត (ថ្មី)។
សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរី រដ្ឋគ្រោងចំណាយថវិកាប្រមាណ ១០០ លានដុល្លារ។
នៅក្នុងសន្និទសិតកាសែតថ្មីៗនេះ អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លោក ស៉ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានខេត្តមណ្ឌលគិរី គឺនៅទំនេរនៅឡើយ ដោយសារវិបត្តិកូវីដ១៩ ធ្វើឲ្យមានផលប៉ះពាល់ដល់ក្រុមហ៊ុន ដែលបានទទួលសិទ្ធិ គឺក្រុមហ៊ុនចិនទទួលការខាតបង់យ៉ាងច្រើន ហើយប្រកាសពុំមានលទ្ធភាពបន្ដការវិនិយោគទៀតនោះទេ។
បើតាមលោក ស៉ីន ចាន់សិរីវុត្ថា ដោយសារគម្រោងសាងសង់នេះ ទាក់ទងជាមួយគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍កម្រិតជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានស្នើសុំគោលការណ៍៣ចំណុច ទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយក្រុមហ៊ុនទទួលបាន ស.ជ.ណ អភិវឌ្ឍន៍នេះមិនមានលទ្ធភាពដើម្បីបន្ដការងាររបស់ខ្លួន។
លោក ស៉ីន ចាន់សិរីវុត្ថា បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានខេត្តមណ្ឌលគិរីនេះ គឺស្ថិតនៅក្នុងរបៀបវារៈរបស់រាជរដ្ឋាភិបាលកម្ពុជាដដែល ដោយទាមទារនូវពេលវេលា ក្នុងការស្វែងរកអ្នកវិនិយោគថ្មី។
រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុន China Power ទទួលការសាងសង់ គម្រោងអភិវឌ្ឍអាកាសយានដ្ឋាន នៅខេត្តមណ្ឌលគិរី។ ព្រលានយន្ដហោះខេត្តមណ្ឌលគីរី គ្រោងសាងសង់លើផ្ទៃដី៣០០ហិកតា មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ តាមការប៉ាន់ស្ថានអាចនឹងប្រើថវិកាវិនិយោគប្រមាណ ជាង៨០លានដុល្លារ៕
សូមជម្រាបថា បច្ចុប្បន្ន កម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិ ចំនួន៣ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុដែលស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Cambodia Airports។ ទន្ទឹមនឹងនោះ កម្ពុជាក៏មានអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន ៣ ទៀត ស្ថិតនៅខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តកោះកុង កំពុងស្ថិតក្រោមការសាងសង់៕