ក្រុមហ៊ុន Jet Realty ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន doubledoor.io ដែលជា Mobile APP និង Online Real-estate listing ទីផ្សារបញ្ឈរដើម្បីជួយសម្រួលដល់ការវិនិយោគបរទេសនៅក្នុងអចលនទ្រព្យលំនៅដ្ឋានក្រៅប្រទេសតាមអ៊ីនធឺណិត។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះធ្វើឡើងដោយឧកញ៉ា ស្រី ចាន់ថន ស្ថាបនិកក្រុមហ៊ុន Jet Realty និងអ្នកនាង អេមី ខ្វាន់ (AMY Kwan) ស្ថាបនិកក្រុមហ៊ុន DoubleDoor.io នៅសណ្ឋាគារ Hyatt Regency Phnom Penh នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។
តាមរយៈកិច្ចសហប្រតិបត្តិការនេះដែរ ប្រធានក្រុមហ៊ុន Jet Realty ឧកញ៉ា ស្រី ចាន់ថន ក៏មានបំណងចង់ពង្រីកការប្រម៉ូតពីសក្ដានុពលអចលនទ្រព្យនៅកម្ពុជាទៅកាន់ប្រទេសជិតខាង ដូចជា ថៃ វៀតណាម ឡាវជាដើម។ ជាមួយគ្នានេះ គម្រោងដីនិងលំនៅដ្ឋាននៅតំបន់ស្រែអំបិល ដែលឧកញ៉ា ស្រី ចាន់ថន បានរៀបចំឡើង មានចក្ខុវិស័យលើការអភិវឌ្ឍ និងមើលឃើញសក្ដានុពលសំខាន់ៗ៣៖
ទី១. តំបន់នោះជាចំណុចកណ្ដាលរវាងរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ រវាងរាជធានីភ្នំពេញនិងខេត្តកពត និងរវាងរាជធានីភ្នំពេញនិងខេត្តកោះកុង។
ទី២. មានផ្ទៃដីធំ និងមានទេសភាពធម្មជាតិស្រស់បំព្រង មានព្រែកព័ទ្ធជុំវិញហើយភ្ជាប់ទៅកាន់ផ្លូវសមុទ្រ ដែលអាចចំណាយពេលតិចប្រសិនបើចង់ទៅក្រុងព្រះសីហនុ។
ទី៣. មានគម្រោងអភិវឌ្ឍឱ្យដូចទីក្រុងឌូបៃ ប្រកបដោយប្រណីតភាព ផាសុកភាព មានការទទួលស្គាល់ពីអន្តរជាតិ។
បន្ថែមទៀតនោះ ឧកញ៉ា ស្រី ចាន់ថន ក៏បង្ហាញគោលបំណងធំបំផុតនៃការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន DoubleDoor.io គឺដើម្បីពង្រីកការលក់អចលនទ្រព្យក្នុងប្រទេសទៅកាន់ទីផ្សារអន្តរជាតិ ទាក់ទាញរំហូរហិរញ្ញវត្ថុចូលមកក្នុងប្រទេស និងចូលរួមក្នុងកិច្ចអភិវឌ្ឍវិស័យលំនៅដ្ឋាន និងតំបន់ទេសចរណ៍នៅកម្ពុជា។
ទន្ទឹមនឹងនេះ ការចុះ MoU នេះដែរ អ្នកនាង ខ្វាន់ ស្ថាបនិកក្រុមហ៊ុន DoubleDoor.io ក៏បានទទួលយកគម្រោងលក់អចលនទ្រព្យនេះទៅលក់ឱ្យអតិថិជនរបស់ខ្លួន តាមរយៈ App គាត់ ដើម្បីចូលរួមក្នុងគម្រោងអភិវឌ្ឍតំបន់ស្រែអំបិល ខេត្តកោះកុង តំបន់ឃុំវិហារសួគ៌ ខេត្តកណ្ដាល និងក្នុងរាធានីភ្នំពេញ។
ក្រុមហ៊ុន DoubleDoor.io គឺជាបណ្ដុំទីផ្សារអនឡាញអន្តរជាតិយ៉ាងធំទូលាយ ងាយស្រួលក្នុងប្រើប្រាស់ដើម្បីទិញ ឬលក់អចលនទ្រព្យ ទោះបីជាឆ្លងប្រទេសឆ្លងទ្វីបក៏ដោយ។ អតិថិជនដែលមាន App គឺអាចដាក់លក់ ឬបញ្ជាទិញអចលនទ្រព្យ ដូចជាអគារ ដី ផ្ទះ។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Jet Realty ជាមួយក្រុមហ៊ុន DoubleDoor.io នឹងជួយឱ្យតម្លៃអចលនទ្រព្យក្នុងស្រុកកាន់តែប្រសើរឡើង និងទាក់ទាញជំរុញចរន្តហិរញ្ញវត្ថុពីក្រៅប្រទេសចូលមកក្នុងប្រទេស៕