ណែនាំឱ្យស្គាល់កូនឧកញ៉ាម្នាក់ ជាម្ចាស់ផ្សារទំនើប K Mall នៅផ្លូវវេងស្រេង

ជុំវិញ​ឧកញ៉ា

ផ្សារទំនើប ខេ ម៉ល (K Mall) ជាផ្សារទំនើបដំបូងគេបង្អស់​នៅលើមហាវិថី វេង ស្រេង ដែល​បាន​បើក​ដំណើរ​ការសាកល្បង ដើម្បីស្វាគមន៍សាធារណជន កាលពី​ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ផ្សារទំនើប​នេះ​ ​អភិវឌ្ឍន៍ដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងស្រុកជាប់​លំដាប់ថ្នាក់មួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក កាំង ហុក កូនប្រុសឧកញ៉ា កាំង ម៉េងហ៊ុយ

ម្ចាស់ក្រុមហ៊ុន អឺបេនលែន (Urbanland) គឺលោក កាំង ហុក ជាកូនប្រុសបង្កើត​របស់​ឧកញ៉ា កាំង ម៉េងហ៊ុយ និង​លោកជំទាវ ឃុន ហៀង ដែលជា​ស្ថាបនិក​ក្រុមហ៊ុន​សម្ព័ន្ធ ISI Group។ លោក កាំង ហុក បច្ចុប្បន្ន​មានវ័យ​ជិត​ ៤០​ឆ្នាំ ​​បាន​​កើត​នៅ​ទីក្រុង​ភ្នំពេញ។ លោក​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ ​និង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​​ចំនួន​ពីរ​ ​លើ​ជំនាញ​ស្ថាបត្យកម្ម និង​​ជំនាញ​សហគ្រិនភាព ពីសាកលវិទ្យាល័យ Washington ​​សហរដ្ឋអាមេរិក នៅ​ឆ្នាំ២០០៩។

​ក្រោយ​ត្រឡប់​មក​ប្រទេសកម្ពុជា​វិញ ដោយសារ​មាន​ជំនាញ​ស្ថាបត្យកម្ម និង​​​គោលដៅ​​​ចង់​ធ្វើ​អាជីវកម្ម​ផង​នោះ លោក កាំង ហុក ​​បាន​​ផ្តួច​ផ្តើម​​ស្ថាបនា​​​ហាង​កាហ្វេ​ Brown ដ៏​ល្បី​​ជា​ច្រើន​ទីតាំង​នៅ​កម្ពុជា និង​បាន​បង្កើត​ក្រុមហ៊ុន​ Urbanland ក្នុងឆ្នាំ ២០១៣។​ ក្រុមហ៊ុន​ Urbanland ក៏ជាក្រុមហ៊ុន​មួយនៃសហព័ន្ធ​ក្រុមហ៊ុន ISI GROUP ហើយទទួលបានកេរ្តិ៍ឈ្មោះក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ពេញលេញ ដោយមាន​ទំនោរ​ពិសេស​មួយ​សម្រាប់គំនិតកែច្នៃជីវភាពប្រកបដោយសោភ័ណភាពទាក់ភ្នែក ដូចដែល​ឃើញ​តាម​រយៈគម្រោង​អភិវឌ្ឍន៍ ដែលជាប់ជ័យលាភីរួមមាន Raintree (ពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែប​ប្រណីតដំបូងគេនៅ​ក្រុង​សៀមរាប Treeline Urban Resort។

Urbanland នឹងបន្តនូវគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀត​នៅតំបន់​វេងស្រេងគឺ KMH Park ដែលជា​ផែនការធំថ្មី បូកបញ្ចូលចក្ខុវិស័យដ៏វែងឆ្ងាយក្នុងការប្រែក្លាយ​ដី​ឧស្សាហកម្ម ដែលមានស្រាប់ទៅជាតំបន់​រស់នៅ និងធ្វើពាណិជ្ជកម្ម ដែលក្នុងនោះរួមមានការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែ​កាយ​បែបធម្មជាតិ។

សម្រាប់​ផ្សារទំនើប K Mall គឺ​មានទីតាំងនៅតាមបណ្ដោយមហាវិថី វេង ស្រេង មានចម្ងាយប្រមាណ​៥នាទីប៉ុណ្ណោះ ពីផ្លូវបំបែកស្ទឹងមានជ័យ និង រង្វង់មូលចោមចៅ។ អតិថិជនក៏អាចធ្វើដំណើរពីផ្លូវជាតិ​លេខ​៣ និងមហាវិថី ហ៊ុនសែន (ផ្លូវ ៦០ម៉ែត្រ) បានផងដែរ។ K Mall មានកន្លែងសម្រាប់ជួល ១២,០០០ ម៉ែត្រការ៉េ ដែលលាតសន្ធឹងលើកម្ពស់បីជាន់ ហើយ K Mall នេះ នឹងបង្កើនភាពរស់រវើកយ៉ាងសម្បូរបែប ដោយរួមបញ្ចូលនូវអាហារ និងភេសជ្ជៈចម្រុះជាច្រើនមុខ ភាពងាយស្រួលក្នុងការដើរទិញឥវ៉ាន់ប្រចាំថ្ងៃ ការកម្សាន្ត ការបង្ហាញសម្លៀកបំពាក់ និង ស្បែកជើងជាច្រើនម៉ូដ ដែលធ្វើឱ្យ K Mall ក្លាយជាទិសដៅមួយ សម្រាប់បំពេញរាល់តម្រូវការប្រចាំថ្ងៃរបស់អតិថិជន ដែលរស់នៅក្នុងតំបន់វេងស្រេងផងដែរ៕