ទស្សនៈគាំទ្រសេចក្ដី​ព្រាង​ព្រះរាជក្រឹត្យស្ដីពី​ឧកញ៉ា ដែលគ្រោងនឹង​បញ្ចប់​នៅ​ឆ្នាំ​២០២២នេះ

ជុំវិញ​ឧកញ៉ា

សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ និង​ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត ស្ដីពី​ឧកញ៉ា​ អាច​បញ្ចប់​នៅ​ឆ្នាំ​២០២២​នេះ ហើយ​​ឧកញ៉ា​មួយចំនួន​បង្ហាញ​ការគាំទ្រ​ដោយ​ចាត់ទុក​ថា នឹង​ជួយ​លើក​តម្លៃ​ឧកញ៉ា​ឡើងវិញ ស្របពេល​ឧកញ៉ា​ខ្លះ​បាន​យក​គោរមងារ​ទៅ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រាជរដ្ឋាភិបាល​ នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ២០២១ បានសម្រេចបង្កើតក្រុមការងារ​អន្តរក្រសួង​ធ្វើការសិក្សាផ្តួចផ្តើម និងរៀបចំ​លិខិតបទដ្ឋាន​គតិយុត្តសម្រាប់​គ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា ការដកហូត​គោរមងារ​ឧកញ៉ា និង​សិក្សា​ស្រាវជ្រាវ​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​នានា​។

បើតាមមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់ឧកញ៉ាញូស៍ថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា មានចំនួន ១០ជំពូក និង ២៦មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកឧញ៉ា នៅប្រទេសកម្ពុជា បាននឹងកំពុងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងនៅឡើយ។

ថ្លែងនៅក្នុងនាឱកាស​​ជា​អធិបតី​ក្នុង​ពិធីពិសា​អាហារ សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ សមាគម​មូលនិធិ «​សម្ដេចតេជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​» កាលពី​ថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២២នេះ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឱ្យដឹងថា រៀបចំ​សេចក្តី​ព្រាង​នេះ ​អាច​នឹង​បញ្ចប់​នៅត្រឹម​ឆ្នាំ ​២០២២​ នេះ​។ សម្តេចក្រឡាហោមបន្តថា ក្នុង​ដំណើរ​ការសិក្សា​រៀបចំ​សេចក្ដី​ព្រាង​នេះ ក៏​នឹង​មាន​ការជជែក​ពិភាក្សា​រវាង​តំណាង រាជរដ្ឋាភិបាល​ជាមួយ​សមាគម​ឧកញ៉ា​ផងដែរ​។ ​

សម្តេចក្រឡាហោម​ថ្លែងថា​៖ «​នៅក្នុង​ការរៀបចំ​សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ​ថ្មី​អាច​នឹង​មានចែង​កំណត់​អំពី​ការផ្ដល់​គោរមងារ ការកំណត់​អំពី​កាតព្វកិច្ច​របស់​ឧកញ៉ា និង លក្ខខណ្ឌ​នៃ​ការសម្រេច​ដក​គោរមងារ​ក្នុង​ន័យ ដើម្បី​លើកតម្កើង​តម្លៃ​នៃ​គោរមងារ​ជា​ឧកញ៉ា ហើយ​បន្ទាប់ពី​រៀបចំ​ព្រះរាជក្រឹត្យ​នេះហើយ​នោះ សមាគម​ឧកញ៉ា​ក៏​ត្រៀមលក្ខណៈ​រៀបចំខ្លួន​ឱ្យបាន​សមស្រប​ទៅនឹង​ខ្លឹមសារ​ព្រះរាជក្រឹត្យ​ថ្មី​ផងដែរ​»​។

ជុំវិញការរៀបចំសេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ និង​ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត ស្ដីពី​ឧកញ៉ានេះដែរ អ្នកឧកញ៉ាជើងចាស់មួយរូប ថ្លែងមិនបង្ហាញឈ្មោះបានសម្តែងការគាំទ្រហើយសង្ឃឹម​ថា នៅពេល​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ចូល​ជា​ធរមាន​នឹង​ជួយ​លើក​តម្លៃ​កិត្តិយស​អ្នកទទួល​បាន​គោរមងារ​ឧកញ៉ា​យ៉ាងពិតប្រាកដ​។

អ្នកជំនួញវ័យក្មេងម្នាក់ បានបង្ហាញទស្សនៈថា វាជារឿងល្អបំផុត ដែលរាជរដ្ឋាភិបាលរៀបចំច្បាប់គ្រប់គ្រងឧកញ៉ា អ្នកឧកញ៉ា ដែលប្រព្រឹត្តអំពើខុសឆ្គងប្រាសចាកសីលធម៌សង្គម។ លោកបន្តថា គោរមងារឧកញ៉ាខ្ពង់ខ្ពស់ណាស់ ដែលព្រះមហាក្សត្រប្រទានឲ្យដល់ជនអ្នកបានចូលរួមបរិច្ចាគទ្រព្យធនធានជួយកសាងជាតិ មាតុភូមិ។

ឧកញ៉ាដែលទើបទទួលគោមរងារថ្មីៗកន្លងទៅ បានយោបល់ថា គោរមងារឧកញ៉ានេះ បានធ្វើឲ្យយើងប្រឹងប្រែងធ្វើអំពើល្អក្នុងសង្គមឲ្យបានច្រើនថែមទៀត ខុសពីមិនទាន់ទទួលងារ ព្រោះងារនេះ ជាកិត្តិយសហើយផ្តល់តម្លៃឲ្យយើងបន្តចូលរួមជួយសង្គមបន្តជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ជូនថា នៅប្រទេសកម្ពុជាគិតមកដល់ពេលបច្ចុប្បន្នគោរមងារឧកញ៉ាត្រូវបានបែងចែកជា ៣ កម្រិត ឧកញ៉ា អ្នកឧញ៉ា និងលោកឧកញ៉ា ខណៈដែលគោរមងារឧកញ៉ាមានស័ក្តិតូចជាង អ្នកឧកញ៉ានិងលោកឧកញ៉ា ហើយគោរមងារអ្នកឧញ៉ាមានស័ក្តិតូចជាងលោកឧកញ៉ា។

គិតមកដល់ឆ្នាំ ២០២២នេះ មិនទាន់មានឯកសារបង្ហាញឲ្យដឹងនូវចំនួនសរុប ពាណិជ្ជករ និងសប្បុរសជនខ្មែរព្រមទាំងបរទេសរស់នៅប្រទេសកម្ពុជា ដែលទទួលបានគោរមងារជាឧកញ៉ា នៅឡើយទេ។ យ៉ាងណា អនុក្រឹត្យ​ថ្មី​មួយ​ចេញ​ផ្សាយ​កាល​ពីឆ្នាំ​ ២០១៧ បុគ្គល​ដែល​ទទួល​បាន​គោរម​ងារ​ឧកញ៉ា ទាល់តែមាន​ការ​ចូល​រួម​ក្នុង​ការ​អភិ​វឌ្ឍ​សង្គម ដោយ​ផ្តល់​ជា​ប្រាក់ ​ឬ​សម្ភារៈ ដែល​មាន​តម្លៃ​លើ​ពី ​៥០ ​ម៉ឺន​ដុល្លារ។

កាល​ពី​មុន សប្បុរសជនដែលបរិច្ចាគ​ធនធាន​ជូន​រដ្ឋ​លើស​ពី ១០​ ម៉ឺន​ដុល្លារ​ឡើង​ទៅ ទើប​ទទួល​បានគោរមងារ​ដែល​ប្រទាន​ដោយ​ព្រះ​មហា​ក្សត្រ តាម​ការ​ស្នើ​សុំ​ពី​នាយក​រដ្ឋ​មន្ត្រី។ សម្រាប់អ្នកទទួលងារជា អ្នកឧកញ៉ា វិញ គឺមិនទាន់មានឯកសារបញ្ជាក់ចំនួនថវិកា ឬលក្ខខ័ណ្ឌជាក់លាក់ណាមួយនៅឡើយទេ៕