រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសថៃ បាននិយាយនៅចុងសប្តាហ៍មុនថា សេដ្ឋកិច្ចប្រទេសរបស់ខ្លួន អាចនឹងមានការកើនឡើងចន្លោះពី ៣% ទៅ ៣,៥% នៅឆ្នាំក្រោយ ដោយសារតែមានការកើនឡើងនៃការនាំចេញ និងការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ខ្លួន បន្ទាប់ពីរងផលប៉ះពាល់ខ្លាំង ដោយសារជំងឺកូវីដ ១៩ ក្នុងពេលកន្លងទៅ។
រដ្ឋមន្តី្រហិរញ្ញវត្ថុ លោក Arkhom Termpittayapaisith បានថ្លែងប្រាប់ទៅក្នុងកម្មវិធីវិទ្យុថៃមួយថា មកដល់ពេលនេះ ភ្ញៀវទេសចរបរទេសចំនួន ៥ លាននាក់ បានមកដល់ប្រទេសថៃ នៅក្នុងឆ្នាំនេះ ហើយលោករំពឹងថានឹងអាចកើនឡើងដល់ ១០ លាននាក់ នៅចុងឆ្នាំ ។
មិនតែប៉ុណ្ណោះ លោក Arkhom បានបន្ថែមទៀតថា GDP របស់ប្រទេសថៃ ត្រូវបានរំពឹងថានឹងកើនឡើងបន្ថែមទៀត នៅឆ្នាំ ២០២៤ ក្នុងរង្វង់ពី ៣% ទៅ ៤% ។
គួរឱ្យដឹងផងដែរថា កាលពីឆ្នាំមុន ប្រទេសថៃទទួលបានភ្ញៀវទេសចរចំនួន ៤២៨ ០០០ នាក់ នៅពេលដែលសេដ្ឋកិច្ចបានកើនឡើង ១,៥% ប៉ុន្តែវាបានកើនឡើងយឺតជាង ក្នុងចំណោមប្រទេសផ្សេងទៀត នៅក្នុងតំបន់ ខណ:កាលពីឆ្នាំ ២០១៩ នៅមុនពេលមានកូវីដ ១៩ ថៃទទួលបានភ្ញៀវទេសចរបរទេសជិត ៤០ លាននាក់ឯណោះ ។
ជាងនេះទៅទៀត រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុខាងលើ បានបង្ហាញទៀតថា ការនាំចេញរបស់ប្រទេសថៃ គួរតែអាចកើនឡើងដល់ ១០% ផងដែរ នៅឆ្នាំនេះ ដោយសារតែមានការជំរុញដោយកម្សោយនៃប្រាក់បាត ហើយវាអាចនឹងបន្តគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេស នៅឆ្នាំក្រោយទៀត រួមជាមួយនឹងវិស័យទេសចរណ៍ និងការវិយោគរបស់រដ្ឋាភិបាល ៕