ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុន សែន បានលើកឡើងថា ឆ្នាំនេះគឺជាខួបទី១០ នៃភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បន្ទាប់ពីសម្តេចតេជោបានចុះហត្ថលេខាជាមួយមិត្តចិនកាលពីឆ្នាំ២០១០។ ទន្ទឹមគ្នានេះ សម្តេច បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្ន គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណង របស់មិត្តចិន បានសាងសង់រួចរាល់មានចំនួន ២៧ ខ្សែ មានប្រវែងសរុប ២,៧៧៩ គីឡូម៉ែត្រ។
ការថ្លែងនេះ គឺធ្វើឡើងនៅអំឡុងពេល សម្ដេច អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ២០២០។
នាឪកាសនោះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ឲ្យដឹងថា «មកដល់បច្ចុប្បន្ន គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណង របស់មិត្តចិន បានសាងសង់រួចរាល់មានចំនួន ២៧ ខ្សែ មានប្រវែងសរុប ២,៧៧៩ គីឡូម៉ែត្រ ,គម្រោងកំពុងសាងសង់មានចំនួន0៥ ខ្សែ មានប្រវែង ប្រមាណ ៤៩៧,២០ គីឡូម៉ែត្រ។ ចំណែកស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន ០៨ ស្ពាន មានប្រវែងសរុប ៧,៤៣៤ ម៉ែត្រ និងស្ពានកំពុងសាងសង់ ដូចជា ស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តកំពងចាម ស្ទឹងត្រង់-ក្រូចឆ្មារ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (សិត្បូ) នៃគម្រោងខ្សែក្រវាត់ក្រុងទី៣ ជាដើម»។
ក្នុងឪកាសសម្ភោធផ្លូវជាតិលេខ៥៨ នេះផងដែរ សម្តេចអះអាងថា ផ្លូវនេះដែរ សាងសង់ឡើងក្រោមជំនួយរបស់មិត្តចិន នឹងដើរតួនាទីយ៉ាងសំខាន់ និងជាផ្លូវយុទ្ធសាស្រ្តមួយ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចផង ការពារអធិបតេយ្យភាពជាតិផង និងជួយទ្រទ្រង់យ៉ាងរឹងមាំនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងប្រទេសថៃ ពីព្រោះផ្លូវនេះបានតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅនឹងខេត្តឧត្តរមានជ័យ ស្របតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឆ្លងកាត់ទីក្រុងប៉ោយប៉ែត ដែលជាទីក្រុងដ៏មានសក្តានុពល និងជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងដ៏សំខាន់។ ផ្លូវជាតិនេះ អាចសម្រួលដល់ការផ្លាស់ប្តូរផលិតផល សកម្មភាពពាណិជ្ជកម្ម និងសុខាភិបាល រវាងប្រជាពលរដ្ឋថៃ និងកម្ពុជា ហើយក៏អាចសម្រួលដល់វិស័យទេសចរណ៍ពីប្រទេសថៃមកទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាប ផងដែរ។
បន្ថែមពីនេះ សម្តេច បានប្រកាសឲ្យដឹងថា នៅថ្ងៃនេះថា នៅថ្ងៃទី០៩ កុម្ភៈខាងមុខនេះ សម្តេច នឹងអញ្ជើញទៅសម្ពោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីតំបន់សំឡូតទៅខេត្តកោះកុង ដែលជាជំនួយមិត្តចិនជាបន្តទៀត៕ អត្ថបទ៖ សិរីកា