ឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិភាព ភីអិលស៊ី យល់ថាភាពស្មោះត្រង់អាចនឹងមិនធ្វើឱ្យយើងក្លាយជាអ្នកមាន ប៉ុន្តែភាពស្មោះត្រង់នឹងធ្វើឱ្យយើងមានតម្លៃយ៉ាងប្រាកដ។
លោកឧកញ៉ា បានបញ្ចេញទស្សនៈលើបណ្តាញសង្គម កាលពីចុងសប្តាហ៍កន្លងទៅថា៖ “ប្រាកដណាស់ ភាពស្មោះត្រង់អាចនឹងមិនធ្វើឱ្យយើងក្លាយជាអ្នកមាន ប៉ុន្តែភាពស្មោះត្រង់នឹងធ្វើឱ្យយើងមានតម្លៃយ៉ាងប្រាកដ។ សេចក្ដីស្មោះត្រង់ ជាអលង្ការដ៏មានតម្លៃ ដែលមិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សក្នុងការទំនាក់ទំនង ការសហការ និងដើរតួជាចំបងក្នុងការងារជាក្រុម។ ភាពស្មោះត្រង់ពេលខ្លះមើលទៅដូចជាភាពល្ងង់ខ្លៅ តែតាមពិតវាមិនដូច្នោះទេ គឺវាទទួលបានមកវិញនូវការគោរពស្រឡាញ់ ពីអ្នកដែលយល់តម្លៃរបស់វា”។
លោកឧកញ៉ា ក៏បានផ្តាំផ្ញើផងដែរថា កុំសូវរអ៊ូរទាំច្រើនពេក ព្រោះកាលណាយើងកាន់តែរអ៊ូរទាំ យើងនឹងជួបតែរឿងអាក្រក់ៗ ដោយសារតែការរអ៊ូភាគច្រើនគឺជារឿងយ៉ាប់ៗ ហើយនឹងនាំឱ្យជីវិតជួបតែរឿងដែលអាប់អួរ។ រឿងរ៉ាវក្នុងលោកទាំងអស់ ដំណោះស្រាយមិនស្ថិតនៅលើការរអ៊ូរទាំនោះទេ។ ចូរគិតរឿងល្អៗឱ្យបានច្រើន ដើម្បីចម្រើនគំនិត ប្រាជ្ញា និងស្មារតី៕