ធនាគារ របស់អ្នកឧកញ៉ា លី ហួរ រយៈពេលជាង២ឆ្នាំនៃការកម្លាយខ្លួនជាធនាគារពាណិជ្ជ មានទ្រព្យសកម្មជាង ៧៦០លានដុល្លារ

ជុំវិញ​ឧកញ៉ា

ធនាគារ SBI LY HOUR ត្រូវបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មកជាធនាគារពាណិជ្ជ ក្រោមការសហការវិនិយោគរួមគ្នារវាងក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី ហួរ ជាមួយនឹងក្រុមហ៊ុនយក្សរបស់ជប៉ុន SBI Holdings កាលពីឆ្នាំ២០២០។ រយៈពេលជាង២ឆ្នាំនៃការក្លាយខ្លួនមកជាធនាគារពាណិជ្ជ SBI LY HOUR មានទ្រព្យសកម្មបានកើនដល់ជាង ៧៦០លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុង​ពិធីសម្ពោធជាផ្លូវការ​ ធនាគារ SBI LY HOUR កាលពីថ្ងៃទី ១៤ ខែកញ្ញាថ្មីៗនេះ អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល​នៃធនាគារ SBI LY HOUR បានលើកឡើងថា៖  «ការវិនិយោគរបស់ក្រុមហ៊ុនដ៏ធំមកពីប្រទេសជប៉ុនក្នុងវិស័យធនាគារនេះ គឺបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាយើង គឺជាប្រទេសដែលមាន សុខសន្តិភាព ស្ថិរភាព និងសក្តានុពលសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុងតំបន់ និងមានការអភិវឌ្ឍឥតឈប់ឈរ ព្រមទាំងមានសក្តានុពលធនធានមនុស្សខ្លាំងក្នុងវិស័យធនាគារ ក៏ដូចជាវិស័យផ្សេងៗទៀតដែលជួយជំរុញដល់ការីកចម្រើនសេដ្ឋកិច្ចជាតិកម្ពុជាទាំងមូល»។

គិតមកទល់បច្ចុប្បន្ន​ធនាគារ SBI LY HOUR មានការិយាល័យរហូតដល់ ៤៦ សាខា គ្របដណ្តប់ គ្រប់ ២៥ ខេត្ត-ក្រុង ទូទាំងប្រទេស ចំណែកឯលទ្ធផលអាជីវកម្មសំខាន់ៗ​របស់ធនាគារ​រួមមាន៖ ផលប័ត្រឥណទានបានកើនឡើងដល់ចំនួន ជាង៦៣០លានដុល្លារ ប្រាក់បញ្ញើសន្សំ ៦០០លានដុល្លារ និងមានទ្រព្យសកម្មសរុបឈានដល់ ចំនួនជាង៧៦០លានដុល្លារ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២។

ការកម្លាយខ្លួនមកជាធនាគារពាណិជ្ជ ក្នុងកំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ ធនាគារមានកំណើនបុគ្គលិក ពីចំនួន ៥៩៧នាក់ ទៅ ចំនួន ១,៥៣០នាក់ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២នេះ ដែលមានការកើនឡើងរហូតដល់ជិត១,០០០នាក់ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាការសហវិនិយោគ រួមគ្នារវាងក្រុមហ៊ុនយក្សរបស់ជប៉ុន អេស ប៊ី អាយ ហូលឌីង និងអ្នកឧកញ៉ា លី ហួរ ។ ដោយក្នុងនោះ SBI Holdings មានកាន់កាប់ចំណែកភាគហ៊ុន ៧០% នៃ ធនាគារ SBI LY HOUR និងក្រុមហ៊ុន​របស់អ្នកឧកញ៉ា លី ហួរ មានកាន់កាប់ចំណែកភាគហ៊ុន ៣០%៕