អ្នកឧកញ៉ា ទ្រី ភាព៖ ទម្រាំ​ឈាន​ដល់​ភាព​ជោគជ័យ​ជា​កូនខ្មែរមួយរូប ជីវិតខ្ញុំវា​លំបាក​ណាស់​

ជុំវិញ​ឧកញ៉ា

ពាណិជ្ជករចាស់វស្សា ឬអាចនិយាយម្យ៉ាងថាជាខ្សែប្រយុទ្ធសេដ្ឋកិច្ចដ៏សំខាន់នាពេលកន្លងទៅដែលបានចូលរួមវិនិយោគបណ្តាក់ទុនជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិលេចធ្លោរមួយរូបក្នុងពិភពជំនួញនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ទ្រី ភាព ចាប់ផ្ដើមជីវិតឡើងនៅក្នុងគ្រួសារកសិករក្រីក្រមួយនៅឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មុននឹងឈានមកដល់ការមានទ្រព្យស្តុកស្តម្ភដូចបច្ចុប្បន្ននេះ លោកបានហែលឆ្លងកាត់នូវការលំបាកជាច្រើនរាប់មិនអស់ក្នុងជីវិត។ ចាស់ព្រឹទ្ធាចារ្យក្នុងឃុំត្បែងម្នាក់បង្ហើបឲ្យដឹងថា ដើម្បីចិញ្ចឹមជីវិត លោក ទ្រី ភាព ធ្លាប់ធ្វើជាអ្នកឡើងត្នោត រត់រ៉ឺម៉ក ព្រូឡាន… ធ្វើជាយុទ្ធជន។ល។ តែដោយការមានភាពម៉ឹងម៉ាត់ម៉ត់ចត់ក្នុងការងារ និងជីវិត លោកបានកសាងខ្លួនឱ្យឡើងជាបន្តបន្ទាប់។

អ្នកជំនួញនៅកម្ពុជាមួយចំនួនធ្លាប់បានប្រាប់សារព័ត៌មានឧកញ៉ាញូស៍ ពីបុគ្គលិកលក្ខណៈអ្នកឧកញ៉ា ទ្រី ភាព យ៉ាងដូច្នេះថា លោក (ទ្រី ភាព) ជាអ្នកមានចក្ខុវិស័យវែងឆ្ងាយ និងមើលឃើញច្បាស់លាស់ពីដំណើរវិវត្តន៍នៃសេដ្ឋកិច្ចជាតិកម្ពុជា។ ហេតុដូច្នេះហើយ លោកបានធ្វើការវិនិយោគច្រើនផ្នែកច្រើនវិស័យ ដូចជា កសិ-ឧស្សាហកម្ម ផែស្ងួត ចំការម្រេច ចំការកៅស៊ូ ទេសចរណ៍ ប្រេង តំបន់សេដ្ឋកិច្ចពិសេស រោងចក្រកែច្នៃកសិផល កាស៊ីណូ សណ្ឋាគារ រីសត ស្ថាបត្យកម្ម។ល។

បើតាមរបាយការណ៍សាវតារ ក្រុមហ៊ុន ទ្រី ភាព បង្ហាញថា ការវិនិយោគរបស់អ្នកឧកញ៉ា ទ្រី ភាព មាននៅក្នុងខេត្តនានាចំនួន ១១រាជធានី-ខេត្ត នៃប្រទេសកម្ពុជា ជាពិសេសគឺការវិនិយោគនៅតាមបន្ទាត់ព្រំដែនជាមួយប្រទេសវៀតណាម និងថៃ ដោយបានប្រែក្លាយតំបន់ស្ងាត់ជ្រងំទៅជាទីប្រជុំជន ប្រែក្លាយចំការមីនដែលគ្មានអ្នកណាហ៊ានទៅក្បែរឱ្យទៅជាចំការដំណាំកសិ-ឧស្សាហកម្ម។ល។

ការបង្កើតប្រាក់ចំណូលរបស់ក្រុមហ៊ុន ទ្រីភាព ដែលបង់ពន្ធចូលរដ្ឋ ក្រៅពីនេះ អ្នកឧកញ៉ាក៏បានកសាងផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ជាច្រើនផងដែរ ហើយក៏បានបរិច្ចាគប្រាក់កាស និងសម្ភារៈផ្ទាល់ខ្លួនជាច្រើនដល់កាកបាទក្រហមកម្ពុជា កងទ័ពកម្ពុជា ជនក្រីក្រជាដើម។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២១ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ ទ្រង់​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា» ដល់​ឧកញ៉ា ទ្រី ភាព និង​ភរិយា គឺ​ឧកញ៉ា គៀង ស្រីនាង ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន MDS Group ក្រុមហ៊ុន Try Pheap Import Export រួម​ទាំង​ក្រុមហ៊ុន​ច្រើន​ទៀត។

ទន្ទឹមនឹងនោះដែរ អ្នកឧកញ៉ា ក៏ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ប្រាប់កាសែតក្នុងស្រុកពេលកន្លងទៅ អ្នកឧកញ៉ា ទ្រី ភាព ធ្លាប់បានលើកឡើងថា ទម្រាំ​ឈាន​ដល់​ភាព​ជោគជ័យ​ជា​កូន​ខ្មែរ​មួយ​រូប​ជីវិត​របស់​ខ្ញុំ​បើ​រៀបរាប់​ទៅ​វា​លំបាក​ណាស់​។ ខ្ញុំ​ឡើង​ដើម​ត្នោត​ទ្រូង​ខ្ញុំ​របក​អស់​ហើយ​។ ខ្ញុំ​ឡើង​គេ​ឲ្យ​ ១ ដើម​ ៣ ​រៀល​លុយ​ខ្មែរ​អ៊ីចឹង​កសិករ​​សុទ្ធ​កាប់​បង្អោង​ឡើង​​ដើម​ត្នោត​ធ្វើ​ស្រែ​ធ្វើ​ស្រូវ​ការ​រំឭក​រឿង​ដើម​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​រឿង​សែន​អភ័ព្វ​តែ​អ័ភ័ព្វ​លំដាប់​ថ្លៃ​ថ្លៃ​ដោយសារ​ការ​រុងរឿង​របស់​ខ្ញុំ​។

អ្នកឧកញ៉ាបន្ថែមថា ការ​តស៊ូ​របស់​ខ្ញុំ​ផ្ទាល់​កើត​ជា​កិត្តិយស​គោរមងារ​ជា​ឧកញ៉ា​ទ្រីភាព​នេះ​ហើយ​បង្កើត​ជា​ក្រុមហ៊ុន​ទ្រីភាព​គ្រុប​នេះ​គឺ​នឹក​គុណ​មហាអំណាច​ទាំង​ពីរ​សម្តេច​តេជោ សែន និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានីហ៊ុន សែន​គាត់​បណ្តុះ​បណ្តាល​ខ្ញុំ​តាំងពី​ដើម​ដល់​ចប់ ការ​ជោគជ័យ​របស់​​ក្រុមហ៊ុន​ ទី្រភាព​ គ្រុប​នោះ​ជា​ការ​ជោគជ័យ​របស់​៧​មករា​មាន​ថ្ងៃ​៧​មករា​ទើប​បាន​ធ្វើ​​ឲ្យ​ទី្រភាព​ឈរ​ជើង​ដោយ​មាន​គោរមងារ​ឧកញ៉ា​ទ្រីភាព និង​ក្រុមហ៊ុន​ទ្រីភាព​​គ្រុប​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​៕