រដ្ឋមន្ត្រីក្រសួងកិច្ចការនារី៖ សហគ្រិនស្រ្តីស្ថិតក្នុងចំណុចងាយរងផលប៉ះពាល់ខ្ពស់ និងតម្រូវឱ្យគិតគូរ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឱ្យដឹងថា វិបត្តិកូវីដ១៩ បានធ្វើឱ្យសហគ្រិនភាពស្រ្តី ជាពិសេសនៅក្នុងសហគ្រាសធុនមីក្រូ តូច និងមធ្យម ស្ថិតក្នុងចំណុចដែលងាយរងផលប៉ះពាល់ខ្ពស់ និងតម្រូវឱ្យគិតគូរ និងឆ្លើយតបលើបញ្ហាប្រឈមនិងតម្រូវការលទ្ធភាពទទួលបានហិរញ្ញវត្ថុនិងទីផ្សារ ហើយសមត្ថភាពផ្នែកឌីជីថលនិងហិរញ្ញវត្ថុ ព្រមទាំងបន្ទុកការងារថែទាំគ្មានប្រាក់កម្រៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងវេទិកាថ្នាក់ជាតិស្តីពី៖«ការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រីនៅតំបន់អាស៊ាន តាមរយៈគោលនយោបាយគាំពារគ្រួសារនិងសង្គម» កាលពីដើមខែកញ្ញានេះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រួសងកិច្ចការនារី បានគូសបញ្ជាក់ថា ឧបសគ្គដែលសហគ្រិននិងម្ចាស់អាជីវកម្មជាស្រ្តីប្រឈមនោះ គឺការទទួលបាននិងការគ្រប់គ្រងលើធនធាន រួមទាំងសមត្ថភាពផលិតភាព និងការលំបាកនៅគ្រប់ដំណាក់កាលនៃការទទួលបានឱកាសសម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ជាពិសេសតាមតំបន់ទីជនបទ។

លោកជំទាវ អ៊ឹង កន្ថាផាវី ថ្លែងយ៉ាងដូច្នេះថា៖«សហគ្រិន និងអាជីវករជាស្ត្រីភាគច្រើននៅតែដំណើរការ និងចាប់ផ្តើមអាជីវកម្មនៅកម្រិតមីក្រូ និងមិនទាន់ផ្លូវការ»។

សូមជម្រាបថា នៅក្នុងប្រទេសកម្ពុជា សហគ្រាសធុនតូចនិងមធ្យម (SME) ប្រមាណ៩៨% នៃធុរកិច្ចទាំងអស់ បានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិប្រមាណ៥៨% និងបានផ្តល់ការងារប្រមាណ៧៣% នៃការងារទាំងអស់ផងដែរ។ ក្នុងនោះមានស្ត្រីប្រមាណ៦១% ជាម្ចាស់និងថ្នាក់ដឹកនាំសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ប៉ុន្តែពួកគាត់នៅតែ មានបញ្ហាប្រឈមជាច្រើន និងកាន់តែប្រឈមខ្លាំងក្នុងអំឡុងពេលវិបត្តិកូវីដ១៩៕