តាំងពីឆ្នាំ២០០៨មក កម្ពុជាមាននិស្សិតកសិកម្មប្រមាណ ២ពាន់នាក់សិក្សានៅប្រទេសអ៊ីស្រាអែល

សង្គម​ និង​សេដ្ឋកិច្ច

ក្រោមក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចាប់តាំងពីឆ្នាំ២០០៨មក មាននិស្សិតកម្ពុជាចំនួន ២០៩៧ នាក់ បានទៅសិក្សាហាត់ការរយៈពេលខ្លីនៅប្រទេសអ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដែលទៅសិក្សារបស់ក្រុមនិស្សិតកម្ពុជា គឺក្រោមកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ វិទ្យាស្ថានដែលធ្វើការបណ្តុះបណ្តាលផ្នែកកសិកម្មនានាជាមួយក្រុមហ៊ុន Agrostudies ដើម្បីបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ២០០៨ មកក្នុងគោលបំណងលើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ដល់និស្សិតសម្រាប់រយៈពេល១១ខែ ហើយកិច្ចសហប្រតិបត្តិការនេះមានអាយុ ១៥ឆ្នាំ។

នៅក្នុងរយៈពេល ១១ខែនោះ និស្សិតត្រូវធ្វើការសិក្សានៅក្នុងថ្នាក់មានទ្រឹស្តី និងការងារស្រាវជ្រាវ ព្រមទាំងការអនុវត្តផ្ទាល់នៅក្នុងកសិដ្ឋាន។ ចំពោះមុខវិជ្ជាដែលត្រូវការសិក្សា រួមមាន៖ ស្តង់ដារកសិកម្មអន្តរ ជាតិ, សេដ្ឋកិច្ចកសិកម្ម, ការការពារដំណាំ, គម្រោងស្រាវជ្រាវ, អភិរក្សធនធានដី, មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប, បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ, ការធ្វើកសិកម្មឈើហូបផ្លែ និងនិរន្តរភាពកសិកម្ម។ ចំណែកឯជំនាញដែលបានអនុវត្តនៅកសិដ្ឋានរួមមាន៖ ការចិញ្ចឹមមាន់, សាកវប្បកម្ម, ការប្រមូលផលនិងការវេចខ្ចប់, ដំណាំផ្កា, ការបណ្តុះផ្សិត។

សូមបញ្ជាក់ថា របាយការណ៍ពីក្រសួងកសិកម្ម បានឲ្យដឹងថា នៅត្រីមាសដំបូង ឆ្នាំ២០២២នេះ កម្ពុជា ទទួលបានចំណូលសរុបជាង ១លាន២សែនដុល្លារ ពីការនាំចេញផលិតផលកសិកម្មជាង ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលបានកើនឡើងជាង ១០ភាគរយ បើប្រៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១៕