ទំហំពាណិជ្ជកម្មទ្វេភាគីបន្តរក្សាកំណើន ខណៈអាមេរិកឈរលើគេទិញទំនិញ​ពី​កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

អាមេរិកឈរ​នៅលើ​គេ​ក្នុងនាម​ជា​ប្រទេស​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើន ដោយមាន​ចំណែក​ប្រមាណ​ ៤០,៨​ ភាគរយ​ នៃ​ការ​​នាំចេញ​សរុប​របស់​កម្ពុជា និង​ឈរ​នៅ​លេខ ១២ ជា​ប្រទេស​នាំ​ទំនិញ​ចូលមក​កម្ពុជា ដែលមាន​ចំណែក​ទីផ្សារ​ត្រឹម ​១,១ ​ភាគរយ​ប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Sihanoukville Autonomous Port, Sihanoukville. MPWT

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកមានចំនួនសរុប ៦.២ប៊ីលានដុល្លារអាមេរិក កើនឡើង ៦១.៥៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ទំនិញភាគច្រើនដែលកម្ពុជានាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក គឺជាទំនិញវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប រួមនិងទំនិញកសិកម្មមួយចំនួនដែរ។

​ទិន្នន័យ​ពី GMAC បាន​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២១ ការ​នាំចេញ​ផលិតផល​កាត់ដេរ​មាន​ចំនួន​ ១១,៣៨៩ ​ពាន់​លាន​ដុល្លារ ​កើនឡើង ១៥,២ ភាគរយ ក្នុងនោះ​សម្លៀកបំពាក់​មាន​ចំនួន​ជាង ៨​ពាន់​លាន​ដុល្លារ ស្បែកជើង​ជាង ១ ពាន់​លាន ដុល្លារ​ផលិតផល​ធ្វើដំណើរ ជាង ១,៥​ ពាន់​លាន​ដុ​លា្ល​រ និង​ផលិតផល​វាយ​ន​ភណ្ឌ​ផ្សេងៗ​ទៀត​។

នៅក្នុងជំនួបទ្វេភាគីរវាងមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជានិងលោកស្រី Wallis Yu តំណាងគណៈប្រតិភូពាណិជ្ជកម្មសហរដ្ឋអាម៉េរិក កាលពីខែសីហាកន្លងទៅ លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មឱ្យដឹងថា កម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្ម-វិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអំណោយផលដល់វិនិយោគិនអន្តរជាតិពីប្រទេសនានាលើពិភពលោកមកបណ្តាក់ទុនវិនិយោគ។

ក្នុងឱកាសនោះដែរ លោកស្រី Wallis Yu បានស្នើសុំកម្ពុជាបន្តសហការផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ ដល់តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា។ ក្នុងនោះមានវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta របស់Facebook ជាដើម។

លោកស្រីបានបន្តថា ថ្មីៗនេះសហរដ្ឋអាម៉េរិកកំពុងដំណើរការនីតិវិធីវាយតម្លៃលក្ខខណ្ឌនានា ដើម្បីសម្រេចថានឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) ដល់ប្រទេសទាំងនោះវិញ ក្នុងនោះមានកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយរបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន Fedex គ្រោងធ្វើការហោះហើរត្រង់មកប្រទេសកម្ពុជា ចាប់ពីខែតុលា ឆ្នាំ២០២២នេះផងដែរ៕