ក្រុមហ៊ុនផលិតអាគុយរថយន្តនៅចិន Guoxuan High Tech Co មានគម្រោងនឹងសាងសង់រោងចក្រមួយទៀតនៅរដ្ឋ Michigan សហរដ្ឋអាមេរិក ហើយវាក៏អាចនឹងមានការចំណាយរហូតដល់ ៣,៦ ពាន់លានដុល្លារសម្រាប់គម្រោងមួយនេះផងដែរ។ នវបើតាមការចុះផ្សាយពី Detroit News។
ប្រភពដដែលបន្ថែមថា Gotion Inc ដែលជាបុត្រសម្ព័ន្ធរបស់ Guoxuan ឈរជើងនៅអាមេរិកនឹងគ្រប់គ្រងរោងចក្រផលិតអាគុយដែលមិនទាន់លេចចេញរូបរាងនៅរដ្ឋ Michigan ហើយរោងចក្រនេះទៀតសោត អាចផ្ដល់ឱកាសការងារយ៉ាងតិច ៥០០ កន្លែង និងអាចដល់ ២ ០០០ កន្លែងក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។
សូមជម្រាបដែរថា Guoxuan High Tech គឺជាក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីល្អបំផុតមួយនៅក្នុងប្រទេសចិន ហើយដោយសារទីផ្សាររថយន្តអគ្គិសនីកំពុងត្រូវប៉ាន់ ក្រុមហ៊ុនមួយនេះក៏ចាប់ផ្ដើមពង្រីកវិសាលភាពអាជីវកម្មរបស់ពួកគេជាងមុនផងដែរ ស្របពេលបច្ចុប្បន្នមូលធនទីផ្សាររបស់ Guoxuan គឺមានប្រហែលជិត ៩ ពាន់លានដុល្លារ៕