តារាចម្រៀងរ៉េប Kanye West គឺជាសិល្បករមួយរូបដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ពីវិស័យជំនួញធំៗដូចជា ចាប់ដៃគូជាមួយក្រុមហ៊ុន Adidas និង Gap ជាដើម។
ថ្មីៗនេះ លោកបានបង្ហើបឲ្យដឹងថា លោកបានបើកសាលារៀនឯកជនមួយកន្លែង ក្នុងគោលបំណងបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឲ្យក្លាយជា អ្នកដឹកនាំល្អ អ្នកច្នៃប្រឌិតខ្ពស់ជាដើម។ នេះបើតាមការចុះផ្សាយពី Therichest។
ដោយឡែក យោងតាមការសម្ភាសន៍ជាមួយ Bloomberg បានឲ្យដឹងថា ការបោះជំហានចូលក្នុងវិស័យអប់រំនេះ គឺផ្ដើមចេញពីខ្លួនលោកម្នាក់ឯងសុទ្ធសាធ ដ្បិតកន្លងមកមហាសេដ្ឋីអាមេរិកម្នាក់នេះធ្លាប់តែធ្វើការរួមគ្នាជាមួយក្រុមហ៊ុនធំៗ។
ទន្ទឹមនឹងនោះ Rolling Stone ក៏បានរាយការណ៍បន្ថែមដែរថា សាលារៀនឯកជនមួយនោះមានឈ្មោះថា Donda Academy ដែលដាក់ឈ្មោះតាមម្ដាយរបស់ Kanye ដែលបានចែកឋានទៅ ហើយសម្រាប់អាណាព្យាបាលដែលចង់ឲ្យកូនៗមករៀននៅទីនេះ តម្រូវឲ្យចុះកិច្ចសន្យាជាក់លាក់មួយ។
សម្រាប់តម្លៃសិក្សាវិញ Therichest បានរាយការណ៍មកថា ត្រូវចំណាយប្រហែល ១៣ ០០០ ដុល្លារ/ឆ្នាំ ខណៈចក្ខុវិស័យរបស់តារារ៉េបរូបនេះចង់បង្កើតសាខា Donda Academy ជាច្រើនកន្លែងទូទាំងប្រទេសក្នុងរយៈពេល ៥ ឆ្នាំ៕