កាលពីថ្ងៃពុធកន្លងទៅ រដ្ឋមន្ត្រីហិរញ្ញវត្ថុ Tengku Zafrul Aziz ប្រចាំប្រទេសម៉ាឡេស៊ីបានទម្លាយថា កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣ អាចនឹងមានទាបជាងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពី CNA។
ទាក់ទងនឹងបញ្ហាមួយនេះ លោក Zafrul ក៏បានបញ្ជាក់ដែរថា ដោយសារតែកំណើនសេដ្ឋកិច្ចសកលមានការថមថយ ស្របពេលការកើនឡើងនៃតម្លៃទំនិញ និងទំនាស់រវាងអាមេរិក-ចិនផង បានធ្វើឲ្យសង្វាក់ផ្គត់ផ្គង់ជួបភាពរអាក់រអួល។
គួររំលឹកដែរថា កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ អាចនឹងកើនពី ៥,៣% ដល់ ៦,៣% ហើយធនាគារកណ្ដាលក៏បានបង្ហើបកាលពីខែមុនដែរថា មានភាគរយច្រើនដែលវាអាចហក់ដល់ ៦,៣%។
យ៉ាងណា លោក Zafrul រដ្ឋមន្ត្រីហិរញ្ញវត្ថុក៏បានបន្ថែមទៀតថា សម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំនេះ កំណើនសេដ្ឋកិច្ចអាចនឹងជួបឧបសគ្គច្រើន ដ្បិតពិភពលោកក៏កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចផងដែរ៕