មូលនិធិ Global Fund គ្រោងរៃអង្គាសប្រាក់ជិត ២០ ពាន់លានដុល្លារ ប្រយុទ្ធប្រឆាំងជំងឺអេដស៍ របេង និងគ្រុនចាញ់

អន្តរជាតិ

កាលពី​ថ្ងៃពុធ​កន្លងទៅ មូលនិធិ The Global Fund បាន​ប្រកាស​ថា ពួកគេ​នឹង​ចាប់ផ្ដើម​ធ្វើ​កម្មវិធី​រៃអង្គាស​ប្រាក់​ជា​សកល​ ដោយមាន​ប្រធានាធិបតី​អាមេរិក ចូ បៃឌិន ជាអ្នក​បើក​កម្មវិធី ជាមួយ​នឹង​គោលបំណង​រៃអង្គាស​ឲ្យ​បាន​យ៉ាងតិច ១៨ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយពី CNA បាន​ឲ្យ​ដឹងថា កម្មវត្ថុ​ចំបង​ក្នុង​ការ​បង្កើត​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍ របេង និង​គ្រុនចាញ់ ស្របពេល​កម្មវិធី​នេះ​គឺ​ជា​ការ​រៃអង្គាសប្រាក់​ធំ​បំផុត បន្ទាប់​ពី​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​ផ្ទុះ​ឡើង ចំពេល​មាន​ជំងឺរាតត្បាត​កូវីដ ១៩។

ដោយឡែក បើ​យោង​តាម​សម្ដី​អ្នក​នាំពាក្យ Francoise Vanni បាន​ប្រាប់ AFP ថា គិត​មក​ទល់​ពេលនេះ​ពួកគេ​ទទួល​បាន​ទឹកប្រាក់​ប្រហែល​ពាក់កណ្ដាល​នៃ​ចំនួន​ដែល​ Global Fund ត្រូវការហើយ ពោល​ប្រហែល ១,៣ ពាន់​លាន​ដុល្លារ​បាន​ពី​អាល្លឺម៉ង់ ៦ ពាន់​លាន​ដុល្លារពី​អាមេរិក និង​ជាង ១ ពាន់​លាន​ដុល្លារ​ពី​ជប៉ុន។

អ្នកស្រី Vanni ក៏​បាន​បញ្ជាក់​ទៀត​ថា ទឹកប្រាក់​ដែល​បាន​មក​ពី​ការរៃអង្គាស​ទាំងនេះ គឺ​នឹង​ជម្រុញ​ដល់​ការ​បញ្ចប់​ជំងឺ​អេដស៍ របេង និងគ្រុនចាញ់​នៅ​ក្នុង​ឆ្នាំ ២០៣០ ហើយ​ក៏​នឹង​អាច​ជួយជីវិត​មនុស្ស​ពី​ជំងឺ​ទាំងនេះ​យ៉ាងតិច ២០ លាននាក់ ក្នុង​រយៈពេល ៣ ឆ្នាំ​ខាងមុខ៕