លោក គង់ វិបុល៖ កុំឈរឈ្មោះតំណាងក្រុមហ៊ុនជំនួសគេ ប្រយ័ត្នជាប់ទោសទណ្ឌពេលគេចវេះបង់ពន្ធ

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងក្នុងកម្មវិធី «ពន្ធដារកម្ពុជា» ផ្សាយផ្ទាល់លើប្រធានបទ ស្តីពី «ការយល់ដឹងអំពីពន្ធដារ» កាលពីថ្ងៃទី២១ ខែកញ្ញានេះ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវប្រជាពលរដ្ឋ ដែលមិនបានយល់ច្បាស់ពីកាតព្វកិច្ចម្ចាស់ក្រុមហ៊ុន សូមកុំឈរឈ្មោះតំណាងក្រុមហ៊ុនជំនួស បើសិនជាមានគេជួស ព្រោះថាអាចនឹងជាប់ទោសទណ្ឌ នៅពេលដែលក្រុមហ៊ុននោះព្យាយាមគេចវេះមិនបានបង់ពន្ធចូលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងបែបនេះរបស់លោក គង់ វិបុល បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ បានរកឃើញក្រុមហ៊ុន ដែលបានជួលកម្មករម្នាក់ ឲ្យឈរឈ្មោះជាម្ចាស់ក្រុមហ៊ុនជំនួស ដោយធ្វើការកាត់កងនូវការចំណាញផ្សេងៗ ដើម្បីយកផលចំណេញពីការកឹបកេងប្រាក់ពន្ធពីរដ្ឋយ៉ាងច្រើន។

លោកគូសបញ្ជាក់ថា អ្នកដែលឈរឈ្មោះតំណាងក្រុមហ៊ុនឲ្យគេ គឺអាចរងទោសទណ្ឌ ដោយទីមួយ៖ បានប្រព្រឹត្តនូវអំពើរាំងស្ទះ ដែលនៅក្នុងមាត្រានៃពន្ធដារ គឺជាប់ទោស និងទី២៖ ការក្លែងបន្លំឯកសារជាសាធារណៈ ដោយយើងមិនមែនជាម្ចាស់ក្រុមហ៊ុនមែនទែនផង តែយើងមកក្លែងបន្លំថា ជាម្ចាស់ក្រុមហ៊ុន ហើយមកឈរឈ្មោះឲ្យគេ ដើម្បីបើកផ្លូវឲ្យគេគេចវេះពន្ធ។

បើតាម លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ មានក្រុមប្រតិបត្តិការពិសេសមួយ សម្រាប់បង្ក្រាបអ្នកដែលគេចវេះពន្ធធ្ងន់ធ្ងរនេះ គឺមានដល់រាប់សិបលានដុល្លារ ហើយករណីនេះ ក៏បានបញ្ជូនទៅតុលាការរួចអស់ហើយដែរ៕