ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញានេះ បានជូនដំណឹងដល់បងប្អូនអាជីវករ ឬក្រុមហ៊ុននានា ដែលរកស៊ីស្របច្បាប់នៅក្នុងប្រទេសទាំងអស់ ប្រសិនបើមានការរំខានពីមន្ត្រីខិលខូចណាមួយ អាចរកសភាពាណិជ្ជកម្ម នៅតាមបណ្តារាជធានី ខេត្ត ដើម្បីជួយដោះស្រាយបញ្ហាជូនបាន។
អគ្គនាយកក្រុមហ៊ុន Heng Mean Investment Group និង An Mady Group រូបនេះ បានលើកឡើង តាមរយៈទំព័រហ្វេសប៊ុកថា៖ “សូមជម្រាបជូនបងប្អូនអាជីវករ ឬក្រុមហ៊ុននានា រកស៊ីស្របច្បាប់នៅក្នុងប្រទេសទាំងអស់អោយបានជ្រាបថា ប្រសិនបើជួបការលំបាក ឬការរំខានពីមន្ត្រីខិលខូច ឬមានភាពមិនប្រក្រតីពីស្ថាប័នរដ្ឋ ឬអង្គភាពឯកជនណាមួយ បងប្អូនអាចរកសភាពាណិជ្ជកម្មនៅតាមបណ្តារាជធានី ខេត្ត ដើម្បីជួយសម្រួលដោះស្រាយជូនបាន តាមរយៈយន្តការវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ដែលមានសហប្រធានក្រុមការងារចំនួន១៤ និងមានសម្តេចនាយករដ្ឋមន្ត្រីជាប្រធាននៃយន្តការនេះ”។
គួររំឭកផងដែរថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ក្រសួងកសិិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិតមួយជម្រាបទៅអភិបាលខេត្តកំពង់ធំ អភិបាលខេត្តសៀមរាប និងអភិបាលខេត្តព្រះវិហារ ដើម្បីឱ្យបញ្ឈប់សកម្មភាពអសកម្មនានា ដូចជាការធ្វើអាជីវកម្មយកកម្រៃសេវានាំសត្វ និងផលិតផលមានដើមកំណើតពីសត្វចតុប្បាទ (គោ ក្របី ជ្រូក) ឆ្លងកាត់ និងចេញក្រៅខេត្ត។
ខ្លឹមសារលិខិតខាងលើ បានបញ្ជាក់បន្ថែមថា ការអនុវត្តបែបនេះ គឺផ្ទុយទៅនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការផ្តល់សេវា និងការប្រមូលចំណូលមិនមែនសារពើពន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងបង្កឱ្យមានផលប៉ះពាល់ដល់បរិយាកាសនៃការធ្វើអាជីវកម្មសត្វ និងផលិតផលមានដើមកំណើតពីសត្វរបស់វិស័យឯកជនផងដែរ៕