លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យប្រយ័ត្នមុននឹងទិញរថយន្ដតពីគ្នា ត្រូវត្រួតពិនិត្យឲ្យច្បាស់លាស់ ដើម្បីកុំឲ្យប៉ះចំរថយន្តដែលអត់បង់ពន្ធផ្លូវច្រើនឆ្នាំ។
ថ្លែងក្នុងកម្មវិធីពន្ធដារកម្ពុជាស្ដីពី «ការយល់ដឹងអំពីពន្ធដា» កាលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានរំលឹកដល់បងប្អូនពលរដ្ឋ សូមមេត្តាពិនិត្យឲ្យច្បាស់លាស់ លើការបង់ពន្ធផ្លូវរបស់រថយន្ដនោះជាមុន ជៀសវាងក្លាយខ្លួនជាជនរងគ្រោះ ដោយសារជាប់ពិន័យ និងត្រូវពន្ធដែលម្ចាស់រថយន្ដដើម ពុំបានបំពេញកតព្វកិច្ច។
គួរបញ្ជាក់ថា ការក្រើនរំលឹកនេះ គឺដោយសារតែកន្លងមកអគ្គនាយកពន្ធដារ ធ្លាប់ជួបនូវបញ្ហាជាច្រើនករណី ប៉ុន្ដែក្នុងករណីអគ្គនាយកដ្ឋានពន្ធដារ តែងតែផ្ដល់នូវការអនុគ្រោះបន្ធូរបន្ថយជាច្រើន ឬតម្រូវឲ្យបង់តែពន្ធសុទ្ធ ដោយមិនទទួលរងការផាកពិន័យជាដើម។
ទន្ទឹមគ្នានេះ ក៏មានម្ចាស់រថយន្ដចាស់មួយចំនួន មិនបានបំពេញកតព្វកិច្ចបង់ពន្ធពន្ធផ្លូវនោះទេ អ្នកខ្លះមិនបានបង់ពន្ធរហូដល់៥ឆ្នាំក៏មាន ហើយបានដាក់លក់រថយន្ដរបស់ខ្លួនលើទីផ្សារ។ ដូច្នេះអ្នកដែលទិញរថយន្ដត គឺទទួលរងការផាកពិន័យ និងជាប់ពន្ធ។នេះបើតាមកាបញ្ជាក់បន្ថែមពី លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
យ៉ាងណា អគ្គនាយកដ្ឋានពន្ធដារ ក៏បានរំលឹកដល់ម្ចាស់យានយន្ត សូមរួសរាល់មកបំពេញកាតព្វកិច្ចបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ដែលត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខផងដែរ៕ អត្ថបទ៖ រង្សី