នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានជូនដំណើរកូនស្រីរបស់លោក ដែលទើបបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យនៅប្រទេសកម្ពុជា ទៅបន្តសិក្សានៅចក្រភពអង់គ្លេស មិនមែនទៅសហរដ្ឋអាមេរិកដូចរូបលោកនោះទេ។
លោកឧកញ៉ា បានបង្ហោះសារលើបណ្តាញសង្គម នៅព្រឹកនេះថា លោកបានមកជូនដំណើរកូនស្រីរបស់លោក ទៅចក្រភពអង់គ្លេស ដើម្បីសិក្សានៅសាកលវិទ្យាល័យ និងសូមអបអរសាទរ ព្រមទាំងជូនពរកូនស្រីរបស់លោក ឱ្យធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងទទួលបានសំណាងល្អជាមួយនឹងការសិក្សារបស់ខ្លួន។
គួរបញ្ជាក់ថា កូនស្រីអ្នកឧកញ៉ា គួច ម៉េងលី ឈ្មោះ Jasmine Jing Yian Quach បានបញ្ចប់ការសិក្សាកម្រិតថ្នាក់វិទ្យាល័យ នៅសាលា Northbridge International School Cambodia (NISC) ដែលជាសាលារបស់អ្នកឧកញ៉ា គិត ម៉េង កាលពីខែសីហា ឆ្នាំ២០២២។ សម្រាប់ប្រវត្តិអ្នកឧកញ៉ា គួច ម៉េងលី ម្ចាស់សាលារៀន អន្តរទ្វីបអាមេរិកកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេអាយអាយ (Aii) គឺលោកបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅសហរដ្ឋអាមេរិក ហើយនៅឆ្នាំ២០០៧ លោកក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Amherst សហរដ្ឋអាមេរិក ផងដែរ៕