សណ្ឋាគារលំដាប់ពិភពលោក Fairfield by Marriott តៀមបើកដំណើរការ នៅដើមឆ្នាំ២០២៣

ជុំវិញ​ឧកញ៉ា

សណ្ឋាគារលំដាប់ពិភពលោក ហ្វែរហ្វៀល បាយម៉ារៀត ភ្នំពេញ (Fairfield by Marriott) របស់​​ក្រុមហ៊ុន​ ជីប ម៉ុង ដែល​បាន​ចាប់ដៃ​គូ​សហការ​ជាមួយ​ក្រុមហ៊ុន​អាមេរិក ​​ត្រៀម​នឹង​បើក​ដំណើរការ​ នៅ​ដើម​ឆ្នាំ២០២៣ ខាង​មុខនេះហើយ។ នេះ​បើ​តាម​​ការ​​បង្ហើប​​ឱ្យ​ដឹង​​ពី​អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជា​ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជា​ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប

សណ្ឋាគារលំដាប់ពិភពលោក Fairfield by Marriott ​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៣ មានទីតាំង​ស្ថិតនៅ​លើអគារ ៤៥ជាន់ ជីប ម៉ុង ថៅវើ ​តម្លៃ ២៣០​លាន​ដុល្លារ ដែលកំពុងលេចខ្ពស់ត្រដែតដ៏ស្កឹមស្កៃ នៅតំបន់​ទួលគោក រាជធានី​ភ្នំពេញ។ រីឯ​សណ្ឋាគារ​នេះ ​​នឹង​​​​​នៅ​ជាន់​ទី​១៩​ឡើង​លើ ​មាន​បន្ទប់​ស្នាក់​នៅ ៣០០​បន្ទប់ ដែល​អាច​គយគន់​ទេសភាព​​ទីក្រុង​ភ្នំពេញ ពី​លើ​អាកាស​បាន​យ៉ាង​ស្រស់​ស្អាត។ ក្រៅ​ពី​បន្ទប់​គេង ​​សណ្ឋាគារ Fairfield by Marriott ក៏​មានសាលប្រជុំទំនើប ភោជនីយដ្ឋានប្រណីត ស្កាយបារ៍ កន្លែង​ហាត់ប្រាណ អាងហែលទឹក និងបរិក្ខារផ្សេងៗទៀត ខណៈ​ដែល​ជាន់​ក្រោម ក៏​មាន​ផ្សារ​ទំនើប ជីប ម៉ុង ផងដែរ។

អ្នកឧកញ៉ា លាង ឃុន បានបញ្ជាក់​ឱ្យ​ដឹង​ថា ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Marriott International ដែលជាក្រុមហ៊ុនវិនិយោគ​លើវិស័យសណ្ឋាគារធំជាងគេមួយក្នុងពិភពលោក ក្រុមហ៊ុន ជីប ម៉ុង ពិតជារំភើប ដែលសណ្ឋាគារ Fairfield by Marriott ដំបូងគេនៅកម្ពុជា នឹងលេចជារូបរាងឡើងក្នុងពេលឆាប់ៗនេះ។ អ្នកឧកញ៉ាបានបន្ថែមថា វត្តមានរបស់សណ្ឋាការនេះ នឹងជាសក្ខីភាពឆ្លុះបញ្ចាំងពីការអភិវឌ្ឍឥតឈប់ឈរ និងការចូលរួមរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងវិស័យបដិសណ្ឋារកិច្ច វិស័យទេសចរណ៍ ជាពិសេសនឹងក្លាយជា​ទីតាំងដ៏ស័ក្តិសមបំផុតសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ និងធុរកិច្ច ជាពិសេសសម្រាប់ព្រឹត្តិការណ៍កីឡា​ស៉ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខនេះ។

គួរបញ្ជាក់ថា សណ្ឋាគារ Fairfield by Marriott ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្បែរ​ស្ពាន​អាកាសប្រាំមករា កំពុង​សាងសង់​ជិត​រួចរាល់​ហើយ ខណៈ​ដែល​គម្រោង​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​ក្រុមហ៊ុន ជីប ម៉ុង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Marriott International កាលពីឆ្នាំ​២០១៧ និងបានចាប់ផ្ដើមការដ្ឋានសាងសង់នៅឆ្នាំ២០១៩៕