ការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិនបច្ចុប្បន្នកំពុងប្រេះឆាកាន់តែខ្លាំង និងមិនទាន់មានសញ្ញាណាមួយថា នឹងអាចរកឃើញការផ្សះផ្សាគ្នាបាននៅឡើយទេ។ ទំនាក់ទំនងប្រេះឆារនេះចាប់ផ្តើមនៅក្នុងអាណត្តិប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយវារីកកាន់តែធំ នៅក្នុងអាណត្តិលោក ចូ បៃឌិន។
នៅចំពោះមុខកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែកញ្ញាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ការគំរាមកំហែងបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលកើតចេញពីការប្រជែងគ្នារវាងអាមេរិក និងចិន ប្រាកដណាស់នឹងធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់កំណើន សេដ្ឋកិច្ចសកល ដូចនេះត្រូវពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើវិធានច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោក ជាអង្គការស្នួលដែលអាចលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិបើកចំហ កាត់បន្ថយរបាំងពាណិជ្ជកម្ម។
សម្តេចតេជោបន្តថា យើងត្រូវយកចិត្តទុកដាក់កាន់តែខ្លាំងលើគោលនយោបាយឌីជីថល ប្រកបដោយបរិយាប័ន្ន និងក្របខណ្ឌបទប្បញ្ញត្តិអំណោយផល ដែលនាំទៅរកការវិនិយោគកាន់តែច្រើន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ព្រោះវាមានសារៈសំខាន់សម្រាប់តភ្ជាប់គម្លាតឌីជីថល ដែលកំពុងកើនឡើង និងបង្កើតប្រភពនៃកំណើនថ្មី។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ជាផ្នែកមួយមិនអាចខ្វះបានក្នុងការគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង៕